BigHit ចេញបំភ្លឺលម្អិត ក្រោយ Suga ត្រូវប៉ូលិសផាករឿងជិះ scooter ក្នុងស្ថានភាពស្រវឹង
ថ្មីៗនេះ ព័ត៌មាននៅកូរ៉េជាច្រើនបានចេញផ្សាយថា Suga សមាជិកក្រុមចម្រៀង BTS បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតដោយប៉ូលិសនៅប៉ុស្តិ៍ Yongsan Police Station ជុំវិញករណីបំពានច្បាប់ចរាចរណ៍ ដោយជិះ scooter ទាំងក្នុងស្ថានភាពស្រវឹង។ គួរបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េខាងត្បូង Scooter អគ្គិសនី អាចជួល និងជិះបាន លុះត្រាតែមានប័ណ្ណបើកបរត្រឹមត្រូវ ដូចទៅនឹងបទបញ្ញត្តិតឹងរឹងដែលដាក់ធ្វើឡើងលើអ្នកជិះយានយន្តដែរ។
បើតាមការបញ្ជាក់ពីប៉ូលិស Suga គឺប្រទះឃើញនៅតែម្នាក់ឯងប៉ុណ្ណោះនៅលើផ្លូវ កាលពីយប់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤ ក្រោយជិះ scooter ទាំងក្នុងសភាពស្រវឹង។ ប៉ូលិសធុំក្លិនស្រា ហើយក៏បាននាំតារាចម្រៀងប្រុស Suga ទៅកាន់ប៉ុស្តិ៍ប៉ូលិសក្បែរនោះ ដើម្បីសួរនាំបន្ថែម។ យ៉ាងណាមិញ តាមព័ត៌មានដែលទទួលបានពីប៉ូលិស ក្រោយធ្វើតេស្តរកជាតិអាល់កុល ពិតជារកឃើញថា Suga មានជាតិអាល់កុលលើសកម្រិតកំណត់ពិតមែន។
ជាការបញ្ជាក់បន្ថែមឱ្យលម្អិត នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៤ នេះ ខាង BigHit Music បានចេញលិខិតផ្លូវការមួយ បញ្ជាក់ជុំវិញបញ្ហាដ៏ក្ដៅគគុកនេះ។ ក្នុងលិខិតនោះបានរៀបរាប់ថា៖ «សួស្ដី នេះគឺ BigHit Music។ ពួកយើងសុំធ្វើការអភ័យទោសចំពោះបញ្ហាដែលបានកើតឡើងចំពោះ Sugar សមាជិក BTS ដែលបានជិះ scooter មកផ្ទះវិញ ទាំងកំពុងស្រវឹង។ នៅយប់ថ្ងៃទី ០៦ ខែសីហា Suga បានពាក់មួកសុវត្ថិភាព ខណៈជិះ scooter មកផ្ទះ ក្រោយផឹកគ្រឿងស្រវឹង។ លោកបានជិះក្នុងចម្ងាយប្រមាណ ៥០០ ម៉ែត្រ មុនចត ហើយក៏ដួលខ្លួនឯង។ បើតាមប៉ូលិសដែលនៅក្បែរនោះ ប៉ូលិសបានឱ្យ Suga ផ្លុំរកជាតិអាល់កុល ហើយលទ្ធផលចេញមក បណ្ដាលឱ្យប័ណ្ណបើកបររបស់ Suga ត្រូវបានដកហូត និងត្រូវផាកពិន័យ។ ក្នុងហេតុការណ៍នោះ មិនមានអ្នកស្លាប់ ឬខូចខាតទ្រព្យសម្បត្តិអ្វីនោះឡើយ ហើយ Suga ក៏ត្រូវបានប៉ូលិសជូនទៅផ្ទះវិញដែរ។
ពួកយើងសុំអភ័យទោស ដែលធ្វើឱ្យគ្រប់គ្នាខកចិត្តដោយសារទង្វើខុសឆ្គងរបស់សិល្បករយើង។ ក្នុងនាមជាមន្ត្រីបម្រើសេវាកម្មសាធារណៈ លោកបានធ្វើទង្វើដែលបង្កជាភាពចលាចលក្នុងសង្គម ដូច្នេះហើយ លោកគ្រោងនឹងទទួលការពិន័យដ៏សមស្របពីកន្លែងការងាររបស់លោក។ ចំណែកពួកយើង នឹងរឹតតែប្រុងប្រយ័ត្នបន្ថែម ដើម្បីការពារកុំឱ្យមានរឿងស្រដៀងគ្នានេះកើតឡើងនៅថ្ងៃអនាគត។ អរគុណ»៕
ប្រភព៖ Koreaboo