ឃើញល្បីក្នុង Tiktok ហាយសូរប្រ៊េនៗ អ្នកបម្រើឆ្វេងស្តាំ តាមពិតកញ្ញា Thank You មានស្ថានភាពជីវិតគួរឱ្យចាប់អារម្មណ៍
Thank you! Thank you! I like this one! I take this one! … ឱ្យតែឮពាក្យនេះ ប្រិយមិត្តនិយមលេងបណ្តាញសង្គម TikTok ប្រាកដជាញញឹមភ្នកនឹកដល់នារីហាយសូរម្នាក់ ដែលមានអ្នកបម្រើឆ្វេងស្តាំ ជិះឡានទំនើបៗ ទិញអីវ៉ាន់ប្រ៊េនៗ និយាយរួមជីវិតរបស់នាងរស់នៅលំដាប់ខ្ពស់ ឡូយឆាយ សប្បាយនឹងការចាយវាយបំផុត។
ខណៈអ្នកតាមដានមួយចំនួនកំពុងតែច្រណែននឹងជីវិតរបស់នាង ទន្ទឹមគ្នានេះក៏មានអ្នកតាមដានមួយចំនួនទៀតកើតចម្ងល់ផងដែរថា តើជីវិតរបស់នាងពិតជាអស្ចារ្យបែបនេះឬ? តើអ្វីៗគ្រប់យ៉ាងដែលនាងបង្ហាញសុទ្ធតែជាការពិតឬ?។ ដើម្បីស្រាយចម្ងល់នេះ «ប្រជាប្រិយ» បានស្រាវជ្រាវ រហូតបានដឹងការពិតស្ទើរមិនគួរឱ្យជឿ។
នៅលើបណ្តាញសង្គម TikTok នារីហាយសូរសាច់ឈាមភ្លឺថ្លា មុខមាត់ស្រស់ស្អាតបែបខ្ពង់ខ្ពស់រូបនេះ មានគណនីឈ្មោះថា AON (អន) ឬ Aonsomrutai ។ AON នាងមានឈ្មោះពិតពេញថា Somrutai Sangchaiphum។
តាមរយៈគេហទំព័រ HiSoParty ដែលធ្វើបទសម្ភាសជាមួយ AON កាលពីបីឆ្នាំមុន គេបានជីកឫសគល់អំពីជីវិតជាសហគ្រិនរបស់នាង។ AON នាងបានរៀបរាប់ថា កាលពីនៅក្មេងនាងជាមនុស្សដែលមានមហិច្ឆតាទៅលើអ្វីដែលប្រណីត ឬ Luxury នាងតែងចូលចិត្តតាមដានស្ទីលនៃការលេងខ្លួនរបស់តារាល្បីៗទាំងតារាថៃ និង បរទេស។ នៅអាយុ ១៦-១៧ ឆ្នាំ នាងបានចាប់ផ្តើមបង្កើតប្រ៊េនមួយនៅក្នុងឧស្សាហកម្មលក់ផលិតផលប្រណីត។ គ្រានោះដោយសារនាងកំពុងនៅរៀន នាងមិនសូវមានពេលច្រើនដើម្បីផ្តោតទៅលើវានោះទេ លុះរហូតដល់នាងបញ្ចប់ការសិក្សា ទើបនាងផ្តោតធ្វើវាពេញទីតែម្តង។ គ្រាចាប់ផ្តើមជំនួញដំបូង នាងបានកសាងបទពិសោធ និង រៀនពីវាយ៉ាងច្រើន រហូតអាចអភិវឌ្ឍន៍ជំនួញកកើតជាក្រុមហ៊ុនធំជោគជ័យដូចសព្វថ្ងៃ។
មកដល់ត្រង់ចំណុចនេះ «ប្រជាប្រិយ» ចង់ជម្រាបដែរថា AON មិនមែនធម្មតានោះទេ នាងគឺជាសហស្ថាបនិកក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសថៃគឺ SF Brandname ដែលជាក្រុមហ៊ុនលក់ផលិតផលប្រណីតមួយទឹក សុទ្ធសឹងជាម៉ាកល្បីៗមកពីជុំវិញពិភពលោក។ នាងបានចាប់ដៃគូជាមួយបុរសជនជាតិថៃឈ្មោះ Sud ឬមានឈ្មោះពិតពេញ Wattanapol Uthayanaka។
ក្រុមហ៊ុន SF Brandname របស់ AON គឺជាមជ្ឈមណ្ឌលមួយប្រមូលផ្តុំទៅដោយផលិតផលប្រ៊េនមួយទឹក ដែលធ្វើការទិញ និង លក់ ហើយក៏ទទួលទិញវិញពីអតិថិជនផងដែរ។ មានន័យថា បើអតិថិជនទិញផលិតផលពីកន្លែងនាង អតិថិជនអាចយកទៅដាក់លក់បន្ត ឬមួយលក់មកឱ្យក្រុមហ៊ុននាងវិញក៏បាន។ ចំណែកតម្លៃទទួលទិញអាស្រ័យទៅតាមស្ថានភាពនៃផលិតផលជាក់ស្តែង។ ការធ្វើដូចនេះ អតិថិជនមិនបាត់បង់លុយ ១០០ % ឬបោះបង់ផលិតផលចោលក្រោយប្រើប្រាស់ឡើយ។
ជាមួយភាពរីកចម្រើនកើតជាក្រុមហ៊ុនដ៏ធំ នៅក្នុងបទសម្ភាស AON នាងបាននិយាយទៀតថា ក្នុងវ័យ ២៤ ឆ្នាំ គ្រប់គ្នាមើលមកនាងគិតថានាងពិតជាជោគជ័យ ប៉ុន្តែនេះគ្រាន់តែជាអ្វីដែលគ្រប់គ្នាឃើញប៉ុណ្ណោះ។ រំឭកកាលចាប់ផ្តើមដំបូង នាងបានដាក់ចិត្តដាក់កាយធ្វើវា ផ្តល់ភាពសំខាន់ដល់វា សឹងថាធ្វើការ ២៤ ម៉ោង និង ៧ ថ្ងៃក្នុងមួយសប្តាហ៍។ ក្រោយមកនាងបានដឹងថា ការធ្វើការច្រើន មិនមែនមានន័យថាជោគជ័យនោះទេ តាមពិតវាកាន់តែធ្វើឱ្យយើងលិចកាន់តែជ្រៅទៅៗ។ ឥឡូវនេះ នាងបានផ្លាស់ប្តូរថ្មី ដោយចាប់ផ្តើមធ្វើការតិច តែឱ្យខួរក្បាលសម្រាកច្រើន។ នាងគិតថា ប្រសិនបើខួរក្បាលមាន ១០០ % នាងនឹងយក ៣០ % សម្រាប់ចំណេះដឹង និង ទ្រឹស្តី ចំណែក ៧០% ទៀតទុកសម្រាប់សម្រាកជាមួយការស្រមើស្រមៃ។ នាងគិតថា បើខួរក្បាលយើងស្រឡះល្អ ពេលយើងធ្វើការស្រមើស្រមៃ យើងនឹងមានគំនិតថ្មីៗច្រើន។ ជាពិសេស ពេលយើងទៅកន្លែងណាមួយ កាលណាខួរក្បាលស្រឡះ យើងនឹងអាចចាប់យកអ្វីថ្មីៗនៅជុំវិញខ្លួន ខណៈដែលការធ្វើការច្រើនម៉ោងបានត្រឹមតែអស់កម្លាំង ហើយត្រលប់ទៅផ្ទះសម្រាក។
ក្នុងបទសម្ភាសកាលពី ៣ ឆ្នាំ មុននេះ គេក៏បានសួរនាងដែរថា ក្រៅពីមានជំនួញក្នុងដៃ តើនាងមានអ្វីជាគំនិតបោះជំហានបន្ថែមទៀត? នាងឆ្លើយថា នាងចាប់អារម្មណ៍ចង់ក្លាយជា Influencer ឬធ្វើអ្វីមួយនៅលើបណ្តាញសង្គម ឬក៏ធ្វើ Vlog ជាដើម។ ដូច្នេះបានន័យថា បច្ចុប្បន្ន ការដែលយើងឃើញនាងផ្ទុះវីដេអូនៅលើ TikTok ឬ Instagram នេះហើយ គឺជាស្ទីលរបស់នាង ដែលនាងបានរកឃើញខ្លួនឯងជា Influencer នៅលើបណ្តាញសង្គម ។ ជាក់ស្តែង បច្ចុប្បន្ននាងមានទីផ្សារខ្ពស់ ដោយត្រូវបានគេទាក់ទងធ្វើវីដេអូផ្សព្វផ្សាយជាស្ទាយ៌របស់នាង មានរាប់តាំងពីខាង ឡាន ផ្ទះ ផលិតផលសម្រស់ ជាពិសេស សម្លៀកបំពាក់ប្រ៊េនៗ។
ជារួមមក AON នាងមិនត្រឹមតែជា Influencer ប៉ុណ្ណោះទេ នាងថែមទាំងជាស្ត្រីជំនួញ និង ជាម្ចាស់ក្រុមហ៊ុនដ៏ជោគជ័យផងដែរ។ អ្វីដែលសំខាន់ កាលពីឆ្នាំ ២០២២ ក្រុមហ៊ុន SF Brandname របស់នាង ក៏បានបើកហាងមួយនៅ Central Village ជាកន្លែងបណ្តុំហាងលក់ផលិតផលប្រណីតលំដាប់អន្តរជាតិធំជាងគេ និង ដំបូងគេនៅទីក្រុងបាងកក ប្រទេសថៃ។ លើសពីនេះ បើតាមគណនី IG របស់នាង នាងបានដាក់ Link ភ្ជាប់ទៅកាន់ជំនួញមួយចំនួនទៀត ដែលទំនងជាជំនួញផ្សេងទៀតរបស់នាងមានដូចជា មជ្ឈមណ្ឌលកែសម្ផស្ស NCC Clinic និង វេបសាយលក់កាបូបប្រ៊េនប្រណីតៗ perrine porter ផងដែរ៕