ស្គាល់ប្រវត្តិពិត យ៉ែម ស្រីពេជ្រ ទើបដឹងថានាងជាតារាស្រីតស៊ូ និង ព្យាយាមខ្លាំងក្នុងសិល្បៈ ទម្រាំមានថ្ងៃនេះ
នៅក្នុងពិភពសិល្បៈ យ៉ែម ស្រីពេជ្រ គឺជាតារាសម្តែង និង ជាពិធីការិនីមួយរូបដែលពោរពេញទៅដោយសមត្ថភាព និង បទពិសោធ។ បច្ចុប្បន្ន មហាជនច្រើនតែស្គាល់នាងតាមរយៈកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍ PNN ។ តែយ៉ាងណាមិញ ទម្រាំនាងមានកេរ្តិ៍ឈ្មោះឈរជើងលើវិថីសិល្បៈដល់សព្វថ្ងៃ នាងបានកសាងខ្លួនឯងច្រើនលើកច្រើនសារទម្រាំក្លាយជាតារារះចែងចាំងមួយដួង។ «ប្រជាប្រិយ» សូមលើកពីប្រវត្តិសិល្បៈរបស់នាងដូចខាងក្រោម៖
យ៉ែម ស្រីពេជ្រ បានបោះជំហានលើវិថីសិល្បៈតាំងពីឆ្នាំ ២០១៥ បើគិតមកទល់ពេលបច្ចុប្បន្ន នាងប្រឡូកសិល្បៈក្បែរមួយទសវត្សរ៍មកហើយ។ មានស្រុកកំណើតនៅទីក្រុងភ្នំពេញ និង ជាកូនខ្មែរជាប់សែស្រឡាយចិន យ៉ែម ស្រីពេជ្រ មានអាជីពជាតារាសម្តែង ជាពិធីការិនី និង ជាតារាបង្ហាញម៉ូដ។
នាងបានបើកទំព័រជីវិតសិល្បៈតាមរយៈការចូលប្រកួតកម្មវិធី Freshie Girls & Boys ជំនាន់ទី ១៤ នៅក្នុងឆ្នាំ ២០១៥។ អំឡុងពេលប្រកួត នាងកំពុងរៀនថ្នាក់ទី ១២ ហើយជាលទ្ធផល នាងបានជាប់ត្រឹមវគ្គផ្តាច់ព្រ័ត្រ និង ទទួលបានពានចំនួនពីរ គឺពានប្រជាប្រិយភាព និង ពាន 12Plus។
បើទោះមិនទទួលបានចំណាត់ថ្នាក់ក្នុងការប្រកួតក្តី យ៉ែម ស្រីពេជ្រ នាងមិនបោះបង់មហិច្ឆតាដែលចង់ក្លាយជាតារាសិល្បៈឡើយ ជាក់ស្តែង នាងបានព្យាយាមស្វែងរកឱកាសសម្តែង និង ប្រកួតជាបន្តបន្ទាប់។ ជាសំណាងល្អ ដោយមានការលើកទឹកចិត្តពីបងប្រុសធម៌ម្នាក់ នាងក៏ទទួលបានឱកាសធំមួយក្នុងការសម្តែងរឿងភាគរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។
តាមការខិតខំប្រឹងប្រែង យ៉ែម ស្រីពេជ្រ ចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងតាំងពីអំឡុងឆ្នាំ ២០១៦ មក។ នាងបានសម្តែងរឿងភាគទូរទស្សន៍ជាបន្តបន្ទាប់ដូចជា៖ រឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា», រឿង «កូនក្រមុំលោកមេឃុំ», រឿង «នេះឬជីវិត», រឿង «សង្សារ ១ខែ ២ខែ», រឿង «ភ្លើងស្នេហ៍ភ្លើងគំនុំ» , រឿងខ្នាតធំ «នាឡិកាដាស់វិញ្ញាណ» ដែលបានយកទៅបញ្ចាំងនៅ ១០ ប្រទេស និង រឿងខ្នាតធំ «គ្រោះជីវិត កូវីដ-១៩»។ នេះមិនរាប់បញ្ចូលរឿងខ្លី និង ភាពយន្តធំៗជាច្រើនទៀត។
ជាមួយសមត្ថភាពសម្តែង កាលពីចុងឆ្នាំ ២០១៩ យ៉ែម ស្រីពេជ្រ បានទទួលសមិទ្ធផលធំមួយនៅក្នុងអាជីព គឺពានរង្វាន់ Best Actress Award ឬ ពានតារាសម្តែងស្រីល្អជាងគេ ពី Legend Cinema ផងដែរ។ បច្ចុប្បន្ន នាងមានទីផ្សារខ្ពស់ទាំងការសម្តែងផង ធ្វើជាពិធីការិនីផង និង ថតផ្សព្វផ្សាយពាណិជ្ជកម្មជាហូរហែផងដែរ៕