មួយប៉ប្រិចភ្នែក! អាជីពសិល្បៈរបស់ Angela Baby ធ្លាក់ដល់បាត បាត់បង់ទីផ្សារស្ទើរទាំងស្រុង
បើតាមការចុះផ្សាយរបស់ Sohu បានឱ្យដឹងថា បច្ចុប្បន្នតម្លៃថតពាណិជ្ជកម្មរបស់តារាសម្ដែងស្រី Angela Baby បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីនាងត្រូវបានហាមឃាត់មិនឱ្យបង្ហាញមុខក្នុងសិល្បៈនៅក្នុងប្រទេសចិន ក្រោយពីបានជាប់ខ្លួនក្នុងរឿងអាស្រូវទៅទស្សនាការសម្ដែងរបស់តារាចម្រៀងស្រី Lisa សមាជិក BLACKPINK នៅទីក្រុងប៉ារីស ប្រទេសបារាំង។
យ៉ាងណាមិញ នៅខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ តារាស្រីរូបនេះនឹងក្លាយជាតារានៅលើគម្របទស្សនាវដ្តី ELLE ប៉ុន្តែចំនួនការបញ្ជាទិញបោះពុម្ព ហាក់ដូចជាមានការយឺតយ៉ាវមិនសូវជាល្អនោះទេ។
ទោះជាយ៉ាងណាក៏ដោយ បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីបានជួបបញ្ហាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខំសាងក្នុងសិល្បៈអស់ច្រើនឆ្នាំ Angela Baby បានចំណាយលុយផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីបង្កើនសកម្មភាពរបស់នាងផ្សព្វផ្សាយនៅក្រៅប្រទេសចិន។
តែទោះជាបែបណា មិនអាចទប់ទល់បានឡើយ ដោយសារតែការលក់ទស្សនាវដ្តីរបស់នាង មិនមានការគាំទ្រ សូម្បីតែផ្ទាំងរូបថត Poster មានហត្ថលេខារបស់នាង កន្លងមកធ្លាប់ដាក់លក់ក្នុងតម្លៃថ្លៃមិនងាយទិញបាន ក៏បច្ចុប្បន្នត្រូវបានដាក់លក់នៅលើអនឡាញក្នុងតម្លៃទាបបំផុត។
ទាំងនេះ ធ្វើឱ្យប្រជាប្រិយភាពការគាំទ្រក្នុងប្រទេសចិនលើតារាស្រីរូបនេះ បានថយចុះខ្លាំងផងដែរ ក្នុងនោះ មហាជនភាគច្រើនក៏បានបង្ហាញក្តីបារម្ភចំពោះអនាគតរបស់នាងផងដែរ៕