
របរលក់នំមិនអាចចិញ្ចឹមជីវិតបាន តារាសម្តែងតួម្តាយ សម្ភ័ស ប៊ុនសុន ប្រកាសសុំឱ្យជួយហៅថតផង ដើម្បីបានលុយចិញ្ចឹមជីវិត
ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសសិល្បករ សិល្បការិនីជាច្រើន បានចែករំលែកនូវសារ និង រូបភាពរបស់គណនីហ្វេសប៊ុកឈ្មោះ សម្ភ័ស ប៊ុនសុន ដែលគេបានដឹងថា លោកយាយធ្លាប់ជាតារាសម្តែងមួយរូប រមែងដើរតួអង្គជាម្តាយ ឬ ជាជីដូន ជាដើម។
សារនោះ លោកយាយ សម្ភ័ស ប៊ុនសុន បានរៀបរាប់យ៉ាងរំជួលចិត្តថា៖ «សូមបងប្អូន មេត្តាជួយហៅខ្ញុំថតផង ដើម្បីបានថវិកាចិញ្ចឹមជីវិត ព្រោះរាល់ថ្ងៃខ្ញុំលក់នំមិនសូវដាច់ទេ ពេលខ្លះខ្ញុំបាំងឆ័ត្រអង្គុយលក់នំពេលមេឃកំពុងរលឹម។ ទាំងអស់នេះ ជារូបថតអនុស្សាវរីយ៍ ដែលខ្ញុំបានចូលរួមសម្តែង ជាមួយតារាល្បីៗជាច្រើន និង បានចូលរួមសម្ដែងភាពយន្តជាច្រើនរឿង និង រឿងអប់រំខ្លីៗ។ ខ្ញុំបានចូលរួមថតស្ប៉ត ថតបទចម្រៀងជាមួយផលិតកម្មហង្សមាស, ថោន, សាន់ដេ និង បានចូលរួមសម្ដែងក្នុងកម្មវិធីផ្សេងៗជាច្រើន ។ លេខទូរសព្ទ័ 098 444 858 សូមអរគុណ»។
ក្រោយពីឃើញសារនោះហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក៏បានចែករំលែកតៗគ្នា នឹងសង្ឃឹមថាមានអ្នកដឹកនាំថត និង ផលិតកម្មនានាហៅលោកយាយបានចូលរួមសម្តែង ដើម្បីរកកម្រៃចិញ្ចឹមជីវិតផង៕