នារីអាកាសចរណ៍ កូនកាត់ខ្មែរ-អាមេរិករូបនេះ នឹងតំណាងខេត្តកំពតប្រកួត MGC 2023 ជំនួសបេក្ខនារីដែលត្រូវដកចេញ
កាលពីរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៣ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈទំព័រផេកផ្លូវការរបស់ Miss Grand Cambodia បានប្រកាសដកបេក្ខនារី កែវ ស្រីលីន ដែលតំណាងឱ្យខេត្តកំពត ចេញពីការប្រកួត Miss Grand Cambodia 2023 ដោយមូលហេតុ អតីតបេក្ខភាពរូបនេះ មិនគោរពតាមគោលការណ៍ និង លក្ខខណ្ឌកុងត្រារបស់ក្រុមហ៊ុន ព្រមទាំងមិនគោរពពេលវេលា ពិបាកក្នុងការទាក់ទងជាដើម។
ក្រោយប្រកាសដក កែវ ស្រីលីន ចេញពីបេក្ខភាពប្រកួត ស្រាប់តែនៅថ្ងៃល្ងាចថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ស្ថាប័ន Miss Grand Cambodia បានប្រកាសនៅលើទំព័រហ្វេស៊ុកផេកផ្លូវការរបស់ខ្លួនជាថ្មី ដោយលើកនេះខាងស្ថាប័ន បានបង្ហាញមុខបេក្ខនារីឈ្មោះ សំ ស្រីម៉ី ជាកូនកាត់ខ្មែរ-អាមេរិក តំណាងឱ្យខេត្តកំពត ជំនួសបេក្ខនារីដែលត្រូវដកចេញ។
សំ ស្រីម៉ី មានអាយុ ១៩ ឆ្នាំ ជាមានរូបសម្រស់ស្រស់ស្អាត គឺជានារីអាកាសចរណ៍ ហើយកញ្ញាថែមទាំងអាចនិយាយបានរហូតដល់ទៅ ៣ ភាសាយ៉ាងស្ទាត់ជំនាញ គឺភាសាខ្មែរ វៀតណាម និង អង់គ្លេស៕