ទប់ចិត្តមិនបាន Woddy លូកមាត់និយាយផាំងៗ ក្រោយគេផ្ទុះការរិះគន់លើ Mai មួយក្ឌាំងនេះ
មួយរយៈចុងក្រោយនេះ តារាស្រី Mai Davika បានទទួលរងការរិះគន់ទៅលើរូបរាងយ៉ាងខ្លាំងពីសំណាក់មហាជនមួយចំនួន ពោលគឺចាប់តាំងពីនាងមានរាងស្តើងស្គមជាងមុនមក នាងតែងទទួលបានសម្តីធ្ងន់ៗស្រាលថា មិនស្អាត រាងមិនសមនឹងមុខមាត់ រហូតធ្វើឱ្យសាមីខ្លួនទ្រាំមិនបានចេញមុខឆ្លើយតបទៅវិញ។
ជាក់ស្តែង Mai Davika ក៏មិនបាននៅស្ងៀមដែរ នាងបានបង្ហោះសារឆ្លើយតបទៅកាន់អ្នករិះគន់ទាំងនោះវិញថា ៖ «ខ្ញុំស្រឡាញ់ខ្លួន ស្រឡាញ់រាងរបស់ខ្ញុំ ខ្ញុំដឹងថាសុខភាពខ្ញុំបែបមិច ពិភពលោកមួយនេះវាមានអ្វីដែលខុសគ្នាច្រើន ដូច្នេះយើងត្រូវគោរព និង ទទួលស្គាល់នូវភាពខុសគ្នាទាំងនោះ និង រៀនធ្វើល្អដាក់គ្នា»។
យ៉ាងណាមិញ បន្ទាប់ពីតារាស្រី Mai Davika ចេញមុខបង្ហោះសារបែបនេះហើយ ឃើញពិធីករប្រុសលោក Woddy ក៏បានចេញមុខបន្ថែមពីលើចំពោះរឿងនេះទៀតថា ៖ «ខ្ញុំបានឃើញមតិរិះគន់ទៅលើតារាស្រី Mai ជាច្រើន តែអ្វីដែលខ្ញុំចង់និយាយនោះគឺ មានរបស់មួយចំនួននៅក្នុងពិភពលោកមួយនេះដែលយើងគ្រប់គ្នាត្រូវតែទទួលស្គាល់ មិនថាយើងជាមនុស្សបែបណា មានរូបរាងបែបណាឡើយ ត្រូវតែទទួលយកអ្វីដែលជាខ្លួនយើង មិនចាំបាច់ទៅអង្គុយគិត និង ខ្វល់ពីសម្តីអ្នកដទៃនោះទេថា គេគិតអ្វីមកលើយើង»។
លើសពីនេះទៅទៀត Woddy ក៏បានបញ្ចាក់ចុងក្រោយថា ៖ «ខ្ញុំយល់ពីអ្វីដែល Mai បង្ហោះ នាងគ្រាន់តែចង់បញ្ជាក់ថា ចាប់ពីពេលនេះតទៅទោះអ្នកណានិយាយអ្វី ឬ រិះគន់អ្វីមកលើនាង នាងមិនខ្វាយខ្វល់ឡើយ ហើយប្រសិនបើនាងមិនចេញមុខមកបង្ហោះបែបនេះ ប្រហែលមនុស្សមួយចំនួនអាចនឹងគិតថា នាងទទួលយកពាក្យរិះគន់ទាំងនោះជាក់ជាពុំខាន»៕