ឆ្អឹងអណ្តែត! កក្កដា សោភ័ណ្ឌ ទើបត្រូវគេបំពាក់មកុដឱ្យ ឥលូវជះលុយ ១៨ ម៉ឺនដុល្លារ ទិញវីឡាមួយខ្នងយ៉ាងរំភើយ
នៅរាត្រីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជា មានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី Miss Queen Cambodia Top ៨ កញ្ញា កក្កដា សុភ័ណ្ឌ ទទួលបានតំណែងជា Miss Fabulous Cambodia 2023 ដែលនឹងត្រូវតំណាងឱ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Fabulous International នៅប្រទេសថៃ។
ជាមួយនឹងការទទួលបានតំណែងបវរកញ្ញាតំណាងប្រទេសកម្ពុជានេះ គេឃើញថាមានអ្នកគាំទ្រមួយចំនួនធំ បានសម្ដែងក្តីសាទរដល់កញ្ញា កក្កដា សុភ័ណ្ឌ ជាខ្លាំង ហើយគេក៏សង្ឃឹមថា បវរកញ្ញាភេទទី ៣ រូបនេះ នឹងប្រឹងដុសខាត់ខ្លួនឱ្យកាន់តែខ្លាំងដើម្បីដណ្ដើមមកុដជូនកម្ពុជាផងដែរ។
ដោយឡែក ក្រោយទទួលបានដំណែងគ្រងមកុដ Miss Fabulous Cambodia 2023 ថ្មីៗនេះ បវរកញ្ញា កក្កដា សុភ័ណ្ឌ កាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលបើកភ្នែកធំៗ ខណៈបានឃើញកញ្ញាបង្ហោះលើគណនីហ្វេសប៊ុកបង្ហាញផ្ទះថ្មីតម្លៃរហូតដល់ ១៨ ម៉ឺនដុល្លារ ដោយពោលថាផ្ទះថ្មីមកុដថ្មីបានក្នុងពេលតែមួយ។
ក្នុងនោះ កញ្ញា កក្កដា សុភ័ណ្ឌ បានបង្ហោះរូបភាពភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «១៨០ ០០០ ដុល្លារ (ដប់ប្រាំបីម៉ឺនដុល្លារ) នេះ អរគុណអ្នកដែលស្អប់ និង ស្រឡាញ់ខ្ញុំទាំងអស់គ្នា (ផ្ទះថ្មីមកុដថ្មី) បានក្នុងពេលតែមួយ ហេងៗ សូមឱ្យសុខសប្បាយ»៕