ក្រោយរងការរិះគន់ពីអ្នកគាំទ្រ ពេលនេះ Kan ឆ្លើយតបទៅកាន់ Billkin ហើយ ជុំវិញរឿងធាក់លើឆាក
បន្ទាប់ពីលើកជើងធាក់តារាចម្រៀង និង សម្ដែងប្រុសរូបសង្ហា Billkin នៅលើឆាកនៃកម្មវិធី The Mask Singer កាលពីពេលកន្លងទៅ ពិធីករប្រុស Kan kan Tathavorn កំពុងរងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រ ក្នុង និង ក្រៅប្រទេស។
តាមការឱ្យដឹង ការលើកជើងធាក់របស់ពិធីករប្រុស Kan គ្រាន់តែជាកម្សាន្តសប្បាយញ៉ាំងបរិយាសកម្មវិធីប៉ុណ្ណោះ ពុំមែនការធាក់វាយតប់ឡើយ ក៏ប៉ុន្តែមហាជនអ្នកគាំទ្រកំលោះ Billkin បានចាត់ទុកថាជាទង្វើមិនសមរម្យ អសីលធម៌ ព្រោះវាជាកម្មវិធីដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ មានមនុស្សម្នាច្រើនណាស់ដែលបានឃើញ។ បន្ទាប់ពីមានកម្មវិធីបានចាក់ផ្សាយហើយ គេឃើញមានមហាជនជាច្រើនបាននាំគ្នាបញ្ចេញមតិឱ្យតារាប្រុស Kan ចេញមុខសុំអភ័យទោសចំពោះ Billkin នូវទង្វើអសីលធម៌នោះ។
ងាកទៅមើលតារាប្រុស Kan វិញ ក្រោយពីទទួលការរិះគន់ លោកក៏បានចេញមុខសុំអភ័ទោសចំពោះ Billkin និង អ្នកគាំទ្រ ដោយបានបញ្ជាក់ថា លោក និង តារាប្រុស Billkin ពុំមានរឿងខ្ទាស់ចិត្តអ្វីឡើយ ព្រោះការដែលលោកធាក់នោះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។
យ៉ាងណាមិញ ងាកទៅមើលតារាប្រុស Billik វិញ ក៏បានចេញមកបង្ហោះសារសុំការអភ័យទោសទៅកាន់ក្រុមការងារ The Mask Singer និង តារាប្រុស Kan ផងដែរ ដោយមិននឹកស្មានថាមានរឿងរ៉ាវរិះគន់នេះកើតឡើងឡើយ។ ក្នុងនោះ អ្នកកំលោះ Billkin ក៏បានបញ្ជាក់ផងថា លោក និង តារាប្រុស Kan គឺជិតស្និទ្ធគ្នា តែងនិយាយលេងសើចជាមួយគ្នាមករហូត ដូចនេះអ្នកទាំងពីរពុំមានរឿងខ្ទាស់ចិត្តឡើយ៕