ល្បីចែកផ្លូវគ្នាផ្អើលហ្វេសប៊ុក នៅសុខៗស្រាប់តែឃើញ Maprang និង សង្សារទៅកម្មវិធីរួមគ្នាទៅវិញ
អស់រយៈពេល ៦ ឆ្នាំហើយ ដែលតារាសម្ដែងប្រុសរូបសង្ហា Oab Oabnithi និង តារាសម្ដែងស្រី Maprang Alrisaa បានប្រើឈ្មោះជាសង្សារជាមួយគ្នា។ ក្នុងរយៈពេលជាច្រើនមកឆ្នាំនេះ គេឃើញអ្នកទាំងពីរមានភាពផ្អែមល្ហែមណាស់ តែងធ្វើដំណើរកម្សាន្តទៅបរទេសជាញឹកញាប់។
ដោយឡែក ថ្មីៗនេះទំនាក់ទំនងស្នេហាតារាប្រុសស្រីទាំងពីរបានគេសង្ស័យថាកំពុងតែរង្គោះរង្គើឈានដល់ការចែកផ្លូវគ្នាថែមទៀតផង។ ជាមួយនឹងព័ត៌មានល្បីចែកផ្លូវគ្នានេះ ពិតជាធ្វើឱ្យមហាជនចង់ដឹងការពិតខ្លាំងណាស់ ព្រោះថាល្បីថាបែកគ្នាមកជាង ១ ខែហើយ នៅពុំទាន់ឃើញសាមីខ្លួនចេញមុខបកស្រាយទៀត។
យ៉ាងណាមិញ ថ្មីៗនេះស្រាប់តែមហាជនឃើញតារាស្រី Maprang និង Oab រួមនឹងក្រុមមិត្តភក្តិអង្គុយហូបអាហាររួមគ្នាយ៉ាងសប្បាយរីករាយ ដែលរូបភាពប៉ុន្មានសន្លឹកនោះហាក់ធ្វើឱ្យមហាជនកាន់តែងឿងឆ្ងល់ថាទំនាក់ទំនងតារាស្រីប្រុសគូនេះទៅជាយ៉ាងណាឱ្យពិតប្រាកដ។
មានមតិមហាជនខ្លះបានលើកឡើងថាតារាប្រុសស្រីគូនេះនៅមិនទាន់បែកគ្នាទេ និង អ្នកខ្លះទៀតថាអ្នកទាំងពីរចែកផ្លូវគ្នាហើយ។ ទោះបីមានមតិជាច្រើនជជែកវែកញែកលើរឿងចែកផ្លូវគ្នានេះក៏ដោយ ក៏គេនៅពុំទាន់អាចសន្និដ្ឋានបានថាយ៉ាងណានោះដែរ ខណៈសាមីខ្លួនផ្ទាល់មិនបានចេញបកស្រាយអ្វីនោះ៕