
មិនទាន់ធ្វើពិធីរៀបការ តែ Toomtam កំពុងក្លាយជាឪពុកគេហើយ ក្រោយចុះសំបុត្រអាពាហ៍ពិពាហ៍រួច
ថ្មីៗនេះ ដំណឹងភ្ញាក់ផ្អើលបានហើបចេញពីមាត់របស់តារាចម្រៀង និង សម្ដែងប្រុសល្បីឈ្មោះ Toomtam Yuttana ដោយខ្លួនកំពុងក្លាយជាឪពុកគេជាលើកដំបូង បន្ទាប់ពីដឹកដៃគូស្នេហ៍តារាស្រី Alee Aittharinya ទៅចុះសំបុត្រអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ។
Toomtam បានទម្លាយថា ៖ «ពេលនេះគឺ Alee ចូលដល់ខែទី ៦ ជិតទី ៧ ហើយ ប៉ុន្ដែពោះនាងនៅតូចមិនសូវជាធំនៅឡើយ។ ដំបូងខ្ញុំបារម្ភ ព្រោះតែពេទ្យប្រាប់ថា Alee ជាមនុស្សដែលពិបាកមានកូន ហើយក៏ត្រូវជួបពិគ្រោះជាមួយពេទ្យ។ ពេទ្យបានឱ្យថ្នាំប៉ូវកម្លាំង និងផ្ដល់ដំបូន្មានឱ្យមើលថែខ្លួន»។
«នាងមិនសូវមានបញ្ហាអ្វីច្រើនទេ ហើយក៏មិនសូវចាញ់ប៉ុន្មានដែរ ដោយមានការធ្វើទុក្ខតិចតួច ហើយសំណាងល្អគឺពួកយើងទាំងពីរមានឱកាសនិយាយគ្នាច្រើន ហើយមានពេលនៅជាមួយគ្នាច្រើន ចឹងពេលមានបញ្ហាខ្ញុំក៏នៅក្បែរនាង។ មិនទាន់ដឹងភេទទេ ដោយពួកយើងកំពុងរង់ចាំដំណឹងពីខាងពេទ្យដូចគ្នា»។
«មិនថាជាកូនប្រុស ឬ ស្រី គឺខ្ញុំទទួលយកបានទាំងអស់ អ្វីដែលសំខាន់គឺគាត់ជាកូនខ្ញុំ ហេតុដូចនេះក្ដីស្រឡាញ់របស់ខ្ញុំគឺឱ្យគាត់ពេញទីដោយមិនប្រកាន់ភេទ ចង់ឱ្យគាត់មានតែក្ដីសុខ។ បើសួរថារំភើបទេ រំភើបណាស់! ហើយខ្ញុំមើលឃើញថា Alee ស្អាតឡើងៗរាល់ថ្ងៃ ជាពិសេសគាត់ជាមនុស្សទន់ភ្លន់ ផ្អែមល្ហែមណាស់»។
«ចំពោះសំនួរថាតើពួកយើងនឹងឈប់ធ្វើដំណើរកម្សាន្ត គឺសុំឆ្លើយថាឈប់មិនបានទេ ព្រោះទាំងខ្ញុំ និង Alee សុទ្ធតែជាអ្នកចូលចិត្តដើរលេង ហើយវាជាអ្វីដែលមានន័យក្នុងជីវិតយើង ហេតុដូចនេះនៅពេលទំនេរគឺពួកយើងតែងឆ្លៀត ដោយមួយទៀតគឺចង់ឱ្យកូនក្នុងផ្ទៃទទួលបានខ្យល់អាកាសបរិសុទ្ធផង។ ចំណែករឿងរៀនសូត្រវគ្គបណ្ដុះបណ្ដាលធ្វើជាឪពុកម្ដាយលើកដំបូង គឺពួកយើងមិនទាន់បានចូលរៀនអ្វីទាំងអស់ ដោយពួកយើងសិក្សាស្វែងយល់ដោយខ្លួនឯង និងពិនិត្យមើលបញ្ហាផ្សេងៗជាមុនសិន»៕