
ពេលគេសួរថា ពេលណាមានស្នេហាថ្មី ស្រាប់តែ Yang Mi ឆ្លើយតបយ៉ាងភ្ញាក់ផ្អើល
បច្ចុប្បន្ននេះ Yang Mi គឺជាតារាស្រីដ៏សម្បូរប្រជាប្រិយភាព និង មានភាពល្បីល្បាញមួយរូប ក្នុងវិស័យកម្សាន្តរបស់ចិន ជាមួយនឹងរូបសម្រស់យ៉ាងស្រស់ស្អាតទាក់ទាញក្នុងវ័យ ៣៧ឆ្នាំ។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៣ បើតាមការចុះផ្សាយរបស់ Sina បានដកស្រង់បទសម្ភាសរបស់តារាស្រីរូបនេះ ចេញពីទស្សនាវដ្តី «Marie Claire NOW Spring ឆ្នាំ ២០២៣» ដោយបានឃើញថា Yang Mi បានលេងនូវពណ៌សក់ក្រហមគួរឱ្យចាប់អារម្មណ៍។
ទោះជាយ៉ាងណា អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ ក្នុងបទសម្ភាសរបស់តារាស្រីរូបនេះ បានប្រាប់ដោយត្រង់ថា ឥលូវនេះនាងលែងមានចំណាប់អារម្មណ៍ក្នុងរឿងស្នេហាទៀតហើយ ដោយនាងចង់ចំណាយពេលវេលាធ្វើការងារដែលខ្លួនចូលចិត្ត និង ទុកពេលសម្រាប់មើលថែខ្លួនឯង រីករាយនឹងជីវិតនៅលីវម្ដងទៀត ជាជាងខ្វល់ខ្វាយពីរឿងស្នេហា។
លើសពីនេះ តារាស្រីរូបនេះថែមទាំងបានសង្កត់ធ្ងន់ថា៖ «ពេលនេះខ្ញុំមានអារម្មណ៍ថានឿយហត់ ហើយពេលវេលាពិតជាមានតម្លៃណាស់ ប្រសិនបើខ្ញុំមានពេលទំនេរនៅថ្ងៃនេះ ខ្ញុំនឹងត្រៀមខ្លួនធ្វើការងារផ្សេងៗដោយមិននឹកគិតដល់អ្នកណាម្នាក់នោះឡើយ»។
បើនិយាយអំពីជីវិតឯកជនរបស់ Yang Mi វិញ នាងធ្លាប់បានរៀបការជាមួយនឹងតារាសម្ដែងប្រុស Hawick Lau ក្នុងឆ្នាំ ២០១៤ ហើយមានកូនស្រីម្នាក់ជាចំណងដៃ ប៉ុន្តែទោះជាយ៉ាងណា អ្នកទាំងពីរបានលែងលះគ្នា ក្រោយពីរៀបការបាន ៤ឆ្នាំ៕