
(វីដេអូ) បៀមទុក្ខ ១២ ឆ្នាំ ខៀវ សានសាណា ទើបទម្លាយមូលហេតុទាំងឈឺចាប់រស់នៅបែកកូនប្រុសច្បង
មហាជនអ្នកគាំទ្រអ្នកនាង ខៀវ សានសាណា ច្បាស់ជាបានជ្រាបមកហើយថា ពិធីការិនីមានប្រជាប្រិយរូបនេះ មានកូនស្រី ១ នាក់ និង ប្រុស ១ នាក់ ជាមួយនឹងអតីតស្វាមីរបស់នាង ហើយក្រោយពីលែងលះគ្នាហើយនោះ កូនប្រុសច្បងត្រូវប្រគល់ឱ្យអតីតស្វាមីជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ចំណែកកូនស្រីពៅវិញ គឺនាងជាអ្នកមើលថែផ្ទាល់ដៃ។
ជាការពិត បើទោះជាមហាជនបានដឹងថា ក្រោយលែងលះអតីតស្វាមី ហើយកូនប្រុសច្បងរស់នៅឯប្រទេសកាណាដាជាមួយនឹងឪពុកក្តី តែមហាជនក៏មិនទាន់បានជ្រាបនូវរឿងរ៉ាវលម្អិតឯកជន ពាក់ព័ន្ធនឹងកូនប្រុសរបស់អ្នកនាងដែរ ថាតើពេលនេះគេអាយុប៉ុន្មានហើយ? កន្លងមក ដែលបានជួបម្តាយឬទេ? និង នៅមានរឿងផ្សេងៗទៀត។
យ៉ាងណាថ្មីៗនេះ នៅក្នុងកម្មវិធី 3Fun អ្នកនាង ខៀវ សានសាណា ក៏បានទម្លាយរឿងបៀមទុក្ខក្នុងចិត្តរយៈពេលប្រមាណជា ១២ ឆ្នាំ នៃការបែកបាក់កូនប្រុសច្បងរបស់ខ្លួនជាសាធារណៈឱ្យមហាជនបានដឹង។
ក្នុងកម្មវិធីនោះដែរ អ្នកនាង ខៀវ សានសាណា បានរៀបរាប់ថា អ្នកនាង បានបែកបាក់គ្នានឹងអតីតស្វាមីតាំងពីកូនប្រុសច្បងអាយុ ២ ឆ្នាំ និង កូនស្រីពៅទើបតែពពោះ ២ ខែ ក្នុងពោះប៉ុណ្ណោះ។
អ្នកនាង បានបន្តថា ពេលនោះ ជាពេលដែលពិបាកបំផុតសម្រាប់អ្នកនាង នៃការសម្រេចចិត្តចាកចេញពីកូនប្រុសច្បង ក៏ព្រោះតែច្បាប់តម្រូវឱ្យកូនៗនៅខាងឪពុកទាំងអស់ បើសិនជាពួកគេកើតនៅលើទឹកដីកាណាដា។ ដូច្នេះ អ្នកនាងក៏សម្រេចចិត្តចាកចេញចោលកូនប្រុសអាយុ ២ ឆ្នាំ ត្រលប់មកកម្ពុជាវិញ ទាំងកូនស្រីពៅក្នុងពោះ ២ ខែ ដើម្បីអ្នកនាងទទួលបានកូនស្រីពៅចិញ្ចឹមបីបាច់។
អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនារំជួលចិត្តទៀតនោះ ខៀវ សានសាណា បានបញ្ជាក់ទៀតថា ពេលចាកចោលកូនប្រុសអាយុ ២ ឆ្នាំ នៅអតីតស្វាមី នាងដេកឱបទុក្ខយំរាល់ថ្ងៃនឹកដល់កូន តែមិនអាចបានជួបគ្នាបាន ហើយមកដល់ពេលនេះ នាងក៏មិនទាន់ប្រាប់ហេតុផលដល់កូនប្រុសនៅឡើយនោះទេ ថាហេតុអ្វីនាងចាកចោលគេ ទុកគេចោលនៅឪពុក ទាំងដែលពេលនេះកូនប្រុសរបស់នាងអាចនឹងគិតថានាងមិនស្រឡាញ់គេក៏ថាបាន។
តែយ៉ាងណា អ្នកនាង ខៀវ សានសាណា ក៏បានបន្ថែម បើទោះជារស់នៅបែកគ្នាយ៉ាងណា កន្លងមករៀងរាល់មួយឆ្នាំម្តង អ្នកនាង តែងនាំកូនស្រីជួបគ្នានឹងកូនប្រុសច្បងម្តង តែរយៈពេល ៤ ឆ្នាំ ចុងក្រោយនេះ ដោយសារតែផ្ទុះកូវីដ ទើបពួកគេមិនបានជួបគ្នា៕
សូមទស្សនាវីដេអូខាងក្រោម៖