
Influencer ចិនម្នាក់ប្រើ AI កាត់តថើប Dilraba ស្រាប់តែអ្នកគាំទ្រនាងតាមវ-ា.យដល់កន្លែងធ្វើការ
ជឿថាមានមនុស្សជាច្រើនបានលួចច្រណែននឹងតារាប្រុសផ្សេងៗដែលបានថតឈុតឆាកសម្ដែងថើបជាមួយនឹងតារាសម្ដែងស្រី Dilraba Dilmurat ហើយក៏មានអ្នកមួយចំនួនព្យាយាមកាត់តវីដេអូបញ្ចូលខ្លួនឯងជាតួប្រុសក្នុងរឿងភាគជាមួយនឹងតារាស្រីរូបនេះ ក្នុងបំណងមិនល្អ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ បើតាមចុះផ្សាយរបស់សារព័ត៌មានចិន Oriental Daily បានចុះផ្សាយឱ្យដឹងថា Influencer ចិន ដែលសម្បូរប្រជាប្រិយភាពមួយរូប ឈ្មោះថា Hong Liang បានប្រើបច្ចេកវិទ្យា AI ដើម្បីធ្វើឱ្យមើលទៅគាត់បានថតឈុតឆាកថើបជាមួយនឹងតារាស្រីល្បីរូបនេះ។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រក្តៅឆួលទៀតនោះគឺ Influencer រូបនេះ បានកែសម្រួលមុខខ្លួនឯងទៅដាក់ទៅលើតួឯកប្រុស Yang Yang ត្រង់ឈុតឆាកក្នុងរឿងភាគ «You Are My Glory»។ លើសពីនេះ ឃ្លីបខ្លីនេះបានរីកសាយភាយពេញនៅលើបណ្តាញសង្គមចិន បង្កឱ្យមានភាពចម្រូងចម្រាសខ្លាំង ពិសេសក្រុមអ្នកគាំទ្ររបស់ Dilraba បានទាមទារឱ្យលុបឃ្លីបនេះ ចេញភ្លាមខណៈដែលគេក៏បានចោទប្រកាន់បុរសនោះថា បំពានសិទ្ធិឯកជន។
ក្នុងនោះដែរ លោក Hong ក៏បាននិយាយថា អ្នកគាំទ្រតារាស្រីរូបនេះ មានការខឹងសម្បាខ្លាំង ថែមទាំងសម្រុកចូលមកដល់កន្លែងធ្វើការលោក ហើយបានវាយគាត់បែកមុខបែកមាត់ និង រងរបួសនៅត្រង់កន្លែងផ្សេងៗទៀត។ ជាមួយនឹងនោះ លោកបានសរសេរសារ និង បង្ហោះរូបថតថា៖ «អ្នកគាំទ្រ Dilraba ២ ទៅ ៣ នាក់ មើលទៅវ័យខ្ទង់ ២០ ឆ្នាំ បានមកដល់កន្លែងធ្វើការរបស់ខ្ញុំ ហើយចូលមកបន្ទប់ធ្វើការខ្ញុំ បង្ករឿងនេះបានកើតឡើង»៕