អ្នកខេត្តរបស់ Lisa នាំគ្នាចែកប្រហិតឥតគិតលុយកន្លះតោន ដើម្បីអបអរក្នុងថ្ងៃកំណើតរបស់នាង
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ អាជីវករជាច្រើននៅក្នុងខេត្ត Buri Ram ភាគឦសាន នៃប្រទេសថៃ បានចែកសាច់អាំង និង ប្រហិតឥតគិតលុយ ប្រមាណជាង ៥០០ គីឡូក្រាម ដើម្បីអបអរថ្ងៃកំណើតរបស់តារា K-pop ដ៏មានឥទ្ធិពលមួយរូប មានដើមកំណើតជាជនជាតិថៃ Lisa សមាជិកក្រុម Blackpink យ៉ាងគគ្រឹកគគ្រេង។
រីឯ មូលហេតុដែលធ្វើឱ្យពួកគេសម្រេចចិត្ត ធ្វើកម្មវិធីដ៏អធិកអធមបែបនេះឡើង ដោយសារតែកាលពីខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ Lisa ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសមួយថា អាហារសម្រន់ដែលនាងចូលចិត្តកាលពីកុមារភាព គឺប្រហិតចៀន ជាពិសេសគឺប្រហិតជាមួយនឹងទឹកជ្រលក់ម្ទេសថៃ ដែលលក់នៅខាងក្រោយស្ថានីយ៍រថភ្លើងនៃខេត្ត Buri Ram។
ដោយឡែក គ្រាន់តែប៉ុន្មានថ្ងៃបន្ទាប់ពីការសម្ភាសនោះ ត្រូវបានចាក់ផ្សាយរួចមក មហាជនសង្កេតឃើញថា សម្បូរអតិថិជនជាច្រើនបាននាំគ្នាទៅទិញប្រហិត ភ្លូកទឹកភ្លូកដី តាមរយៈអនឡាញ ដោយសារតែពេលនោះ គាប់ជួនស្ថានភាពកំពុងតែស្ថិតក្នុងជំងឺរាតត្បាត កូវីដ-១៩ នៅឡើយផង។
បើតាមឱ្យដឹងពី អ្នកលក់ប្រហិតម្នាក់ មានឈ្មោះថា Arunsri Kamnerdklang បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា កាលពីមុនអាជីវករភាគច្រើនលក់បានត្រឹម ២ ទៅ ៣ រយបាត (៥ ទៅ ៧ដុល្លារ) តែប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែបន្ទាប់ពី Lisa បានណែនាំប្រាប់ថាចូលចិត្តរួចមក ធ្វើឱ្យអ្នកលក់នៅទីនោះ រកចំណូលកើនដល់ទៅជាង ១០ ០០០ បាត (ប្រមាណជាជិត ៤០០ ដុល្លារ) ឯណោះក្នុងមួយថ្ងៃ ដែលជាហេតុធ្វើឱ្យជីវភាពប្រជាជនក្នុងតំបន់នោះ ល្អប្រសើរសឹងគ្រប់គ្នា ហើយក៏បានក្លាយជាខេត្តមួយ ដែលអ្នកគាំទ្រ Lisa ជាច្រើនប្រាថ្នាចង់ទៅ៕