តារាស្រី Freen និង Becky សម្តែងរឿង GL ផ្ទុះកក្រើកពេក រហូតអ្នកគាំទ្របោះពាក្យឱ្យទាំងនេះ
សម្រាប់មហាជនដែលនិយមតាមដានរឿង GL ថៃប្រាកដជាបានស្គាល់តារាស្រី Freen និង Becky ហើយ ព្រោះនាងជាតារាស្រីពីរដួងទើបតែរះ និង កំពុងតែទទួលបានការគាំទ្រ និង ប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេស តាមរយៈការសម្តែងរឿងស្រីស្រឡាញ់ស្រី «ฤดสีชมพู» (ឫកស៊ីឈុមភូ) ដែលប្រែជាភាសាខ្មែរមានន័យថា «ពេលវេលាស្នេហ៍ដ៏ផ្អែមល្ហែម»។
យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានឱកាសបានសម្តែងរឿងស្រឡាញ់ភេទដូចគ្នា ឃើញថា តារាស្រីពីរដួងនេះ ទទួលបានការសរសើរពីព្រោងព្រាតពីសំណាក់មហាជនថា មានទេពកោសល្យ និង សមត្ថភាព។ ដោយឡែក បើនិយាយពីរូបសម្រស់វិញរឹតតែធ្វើឱ្យមហាជនអត់សរសើរពុំបាន ព្រោះថា តារាស្រីទាំងពីរសុទ្ធតែមានរូបសម្រស់ស្រស់ស្អាត សាច់សខ្ចី។
លើសពីនេះទៅទៀត ជាមួយនឹងការសម្តែងរឿង GL លើកដំបូងរបស់តារាស្រីពីរដួងនេះដែរ មហាជនមិនត្រឹមតែជក់ចិត្តនឹងសាច់រឿងនោះទេ តែម្នាក់ៗក៏ហាក់ចាប់អារម្មណ៍ទៅលើតួសម្តែងទាំងពីរមិនចាញ់គ្នាដែរ ពោលគឺ មហាជនឈានទៅដល់ការផ្គូផ្គងចង់ឱ្យតារាស្រីទាំងពីរនេះមានទំនាក់ទំនងស្នេហាជាមួយគ្នាថែមទៀតផង៕