អ្នកគាំទ្ររំភើបចិត្ត! Liu Yifei និង Yang Yang ដៃគូសម្ដែងចាស់ ជួបរាក់ទាក់គ្នាយ៉ាងស្និទ្ធ
កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម Weibo របស់ចិន បានបង្ហោះសកម្មភាពមួយចំនួនចេញពីព្រឹត្តិការណ៍ខួបលើកទី ៧៥ នៃការបង្កើតម៉ាកយីហោដ៏ល្បីល្បាញមួយក្នុងប្រទេសចិន ហើយក៏ជាឱកាសមួយរបស់ តួឯកប្រុសស្រីក្នុងរឿង «Once Upon a Time» គឺតារាសម្ដែងស្រី Liu Yifei និង តារាសម្ដែងប្រុស Yang Yang បានជួបគ្នាម្ដងទៀតផងដែរ បន្ទាប់ពីបញ្ចប់ការងាររួមគ្នាអស់រយៈពេល ៦ឆ្នាំ។
នៅពេលដែល Liu Yifei បានប្រទះភ្នែកឃើញ Yang Yang ភ្លាមនោះ នាងបានលើកដៃស្វាគមន៍ដោយស្នាមញញឹម ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតដែលជាអ្នកគាំទ្ររបស់អ្នកទាំងពីរ ទប់ចិត្តមិនរំភើបមិនបាននោះឡើយ។ ក៏ព្រោះតែភាពនឹករលឹកដោយខានជួបគ្នាមកជាយូរ តារាទាំងពីរបានធ្វើការរាក់ទាក់គ្នាយ៉ាងស្និទ្ធស្នាល និង កក់ក្តៅបំផុត ហើយសម្រាប់ក្រុមអ្នកគាំទ្ររបស់អ្នកទាំងពីរនោះគឺជាពេលវេលាដ៏កម្រដែលពួកគេរង់ចាំមកច្រើនឆ្នាំហើយ។
ហើយកាយវិការបែបនេះ សបញ្ជាក់ថា Liu Yifei និង Yang Yang នៅតែរក្សាទំនាក់ទំនងស្និទ្ធស្នាល បើទោះជាពួកគេមិនបានរួមការងារគ្នាយូរឆ្នាំមកហើយ។ យ៉ាងណាមិញ រយៈពេល ៦ឆ្នាំក្រោយមកនេះ អ្នកទាំងពីរក៏បានជោគជ័យជាច្រើនក្នុងអាជីពរបស់ពួកគេផងដែរ៕