តួស្រីរឿង «ជណ្ដើរសួគ៌» ធ្វើឱ្យគ្រប់គ្នាផ្អើលនឹងសម្រស់ ពេលមើលរូបកាលពី ២១ ឆ្នាំមុន
អ្នកគាំទ្រពិតជាមិនអាចប្រកែកបានទេ ដោយសារតែ Choi Ji Woo គឺជាតារាស្រីដ៏ល្បីមួយរូបក្នុងប្រទេសកូរ៉េ កាលពីដើមសតវត្សរ៍ទី ២១ មិនត្រឹមតែឆក់យកបានចិត្តទស្សនិកជនជាច្រើនជាមួយនឹងសមត្ថភាពសម្ដែងដ៏ប៉ិនប្រសប់របស់នាងប៉ុណ្ណោះទេ នាងថែមទាំងជាប់ឈ្មោះជាតារាស្រីកំពូលសម្រស់របស់កូរ៉េទៀតផង។
យ៉ាងណាមិញ មកទល់នឹងពេលនេះ បើទោះជាតារាសម្ដែងស្រីរូបនេះ ឈានចូលវ័យ ៤៧ឆ្នាំហើយក្តី ប៉ុន្តែបើនិយាយលើសម្រស់របស់នាង គឺនៅតែរក្សាបាននូវសម្រស់ក្មេងជាងវ័យដដែល រហូតដល់មហាជននាំគ្នាលួចច្រណែនមិនតិចទេ។
ដូចជាកាលពីពេលថ្មីៗនេះ Choi Ji Woo បានបង្ហោះឃ្លីបខ្លីមួយនៅលើបណ្តាញសង្គមផ្ទាល់របស់នាង ហើយភ្លាមនោះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតដូចទេពអប្សររបស់នាងយ៉ាងខ្លាំង។
ក្នុងនោះដែរ ឃើញមានការបញ្ចេញមតិពីអ្នកនិយមលេងក្នុងបណ្តាញសង្គមថា៖ «មើលទៅ Choi Ji Woo ដូចជាមិនចាស់សោះ ក្រោយពីសម្ដែង ២ ទសវត្សរ៍ហើយ» ជាពិសេស បានធ្វើឱ្យអ្នកគាំទ្រភាគច្រើននឹកឃើញដល់រូបភាពកាលពីនាងសម្ដែងជាសិស្សសាលា ក្នុងរឿងភាគកាលពីឆ្នាំ ២០០២។
សូមរំឮកផងដែរថា បច្ចុប្បន្ននេះ តារាស្រីរូបនេះបានក្លាយជាម្ដាយរបស់កូនស្រីតូចនាងហើយ មិនសូវជាមានកាលវិភាគមមាញឹកក្នុងសិល្បៈដូចពីមុន ដោយនាងបានជ្រើសរើសយកជីវិតឯកជនបែបស្ងប់ស្ងាត់ និង ចំណាយពេលជាមួយនឹងក្រុមគ្រួសារ៕