
ប្រុសសង្ហា Summer ត្រលប់មកកន្លែងចាស់កាលអតីកាល ៦ ឆ្នាំ មុន ដើម្បីសម្រេចក្តីស្រមៃជាពិធីករ
មហាជនអ្នកគាំទ្រពិធីករវ័យក្មេងរូបសង្ហា Summer ច្បាស់ជាបានជ្រាបមកហើយពីប្រជាប្រិយរបស់លោក ដែលត្រូវបានចាត់ទុកជាពិធីករពោរពេញដោយវោហារស័ព្ទដ៏សម្បូរបែប និង ជាតារាបង្ហាញម៉ូដនិយមបង្ហាញខ្លួនបែប Fashion ដ៏ទាក់ភ្នែកថែមទៀតផង។
ជាការពិតកន្លងមក លោកអ្នកច្បាស់ជាបានជ្រាបមកហើយពីការបោះជំហានដំបូងរបស់លោក Summer មុននឹងក្លាយជាពិធីករ គឺលោកបានចូលរួមការប្រកួតប្រឡងចម្រៀង រួចមកបានចាប់អាជីពជាពិធីករក្នុងស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍ មុនគេបន្ទាប់ពីបានបោះជំហានទៅកាន់តំណែងក្នុងកម្មវិធីទូរទស្សន៍ផ្សេងទៀត។ លើសពីនោះ លោក Summer ក៏ជាតារាចម្រៀង និង បានក្តោបឱកាសក្នុងការចូលរួមសម្តែងខ្សែភាពយន្តមួយចំនួនផងដែរ។
យ៉ាងណាក្រោយប្រឡូកលើវិថីសិល្បៈប្រមាណ ៦ ឆ្នាំ លោក Summer ក៏បានបង្ហោះសារទម្លាយពីអនុស្សាវរីយ៍ និង អតីតកាលរបស់លោកពីទីកន្លែងដ៏គួរឱ្យចងចាំក្នុងការប្រឡងចម្រៀង ព្រមទាំងពេលនេះលោកបានត្រឡប់មកទីនេះដើម្បីបំពេញក្តីស្រមៃរួមការងារជាពិធីករក្នុងស្ថានីយទូរទស្សន៍ PNN។
លោក Summer បានរៀបរាប់ថា៖ «៦ ឆ្នាំមុន ខ្ញុំមកប្រឡងចម្រៀងនៅទីនេះ ហើយជាកន្លែង ដែលចាប់ផ្តើមវិថីសិល្បៈរបស់ខ្ញុំ។ ៦ ឆ្នាំក្រោយ ខ្ញុំត្រឡប់មកទីនេះម្តងទៀតក្នុងនាមជាពិធីករវិញម្តង! មកសម្រេចក្តីស្រមៃរបស់ខ្ញុំ»៕