
ផ្អែមទៅៗហើយ! Mario ថាខ្លួនមានសំណាងណាស់ ដែលមានសង្សារដូច Junji
ទោះបីជាចំណងស្នេហ៍ត្រូវបានចង់ភ្ជាប់អស់រយៈពេលរាប់ឆ្នាំហើយក៏ដោយ តែសម្រាប់គូស្នេហ៍អ្នកកំលោះសង្ហា Mario និង Junji ហាក់មិនដែលលេចឮរឿងរកាំរកូសជាមួយគ្នាឡើយ ពោលគឺ កាន់តែជឿជាក់ និង ស្រឡាញ់គ្នាលើសដើម បើទោះបីជាកន្លងមក មានមហាជនមួយចំនួនរិះគន់ និង សម្តែងក្តីមិនពេញចិត្តចំពោះគូអ្នកទាំងពីរក៏ដោយ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ទន្ទឹមនឹងចំណងស្នេហ៍កាន់តែរឹងមាំ ពេលនេះអ្នកកំលោះ Mario ក៏កាន់តែបើកចំហរូបភាពគូផ្អែមល្ហែមជាមួយគូស្នេហ៍ ខណៈកន្លងមកថ្វីដ្បិតតែជាសង្សារនឹងគ្នាមែន តែរូបភាពគូកម្រនឹងបង្ហោះឱ្យអ្នកគាំទ្របានឃើញណាស់។
ដោយឡែកថ្មីៗនេះ គូស្នេហ៍មួយគូនេះធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ និង មានកម្លាំងចិត្តគាំទ្រលើសដើម ក្រោយឮអ្នកកំលោះ Mario បង្ហើបពាក្យក្នុងចិត្តមិនធ្លាប់និយាយពីមុនមកថា លោកពិតជាមានសំណាងណាស់ ដែលមាន Junji ជាសង្សារ និង ចូលមកក្នុងជីវិត ព្រោះមិនថាកាលៈទេសៈណាទេ នាងតែងនៅក្បែរលោករហូត ពិសេសពេលលោកទៅប្រកួតប្រណាំងម៉ូតូលើខ្សាច់ នាងសុខចិត្តទៅគាំទ្រទាំងហាលក្តៅ ហាលខ្យល់ មិនខ្វល់ពីសម្រស់ ឬអ្វីឡើយ៕