ស្បែកជើងប៉ាតារបស់ GDragon ត្រូវគេប្រទះឃើញដាក់លក់មួយតឹក ក្នុងតម្លៃជាង ៣ម៉ឺនដុល្លារ
ថ្មីៗនេះ ស្បែកជើងប៉ាតាជាប្រេន Peaceminusone x Nike Air Force 1 Low Para-Noise F&F ដែលត្រូវគេស្គាល់ច្បាស់ថាជារបស់ស្តេចរ៉េបកូរ៉េ GDragon មេក្រុម BIGBANG ដោយលោកបានបង្កើតប្រេនផ្ទាល់ខ្លួនជាពិសេសទុកសម្រាប់តែក្រុមគ្រួសារ និង មិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ ប៉ុន្តែពេលនេះស្រាប់តែប្រទះឃើញដាក់លក់នៅលើគេហទំព័រអនឡាញទីផ្សារមួយតឹក។
កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្បែកជើងប៉ាតារបស់ GDragon ត្រូវបានគេឃើញដាក់លក់ក្នុងតម្លៃ ៣៩ ៩៩៩ ០០០ វ៉ុន (ប្រហែល ៣២ ៥០០ដុល្លារអាមេរិក) នៅលើគេហទំព័រដេញថ្លៃស្បែកជើងតាមអនឡាញឈ្មោះថា «Soldout»។ ហើយស្បែកជើងប៉ាតានេះ ដូចគ្នាទៅនឹងឈ្មោះ «F&F (Family & Friends)» ដែលជាស្គាល់ថារបស់ស្បែកជើង GDragon ផលិតត្រឹមតែ ៨៨ គូ ប៉ុណ្ណោះ ទុកសម្រាប់តែក្រុមគ្រួសារ និង មិត្តភក្តិជិតស្និទ្ធបំផុតរបស់លោកប៉ុណ្ណោះ។
ទោះជាយ៉ាងណា នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះទេ ដោយសារតែកាលពីឆ្នាំ ២០២២ ស្បែកជើងប្រេននេះក៏ត្រូវបានគេប្រទះឃើញដាក់ក្នុងតម្លៃ ៣៣ លានវ៉ុន (ប្រហែល ២៦ ៨៥០ ដុល្លារអាមេរិក) លើទីផ្សាតមួយតឹកនៅសហរដ្ឋអាមេរិកផងដែរ ដោយសារតែស្បែកជើងនេះ គឺជាផលិតផលមានកំណត់ ដូច្នេះហើយមនុស្សជាច្រើនតែងតែចង់បាន៕