ធ្លាយរូបថតប្រពន្ធក្រោយ Song Joong Ki ត្រូវគេសង្ស័យមានកូនជិត ៤ ខែតាំងពីចុងឆ្នាំ ២០២២
បើយោងតាមការចុះផ្សាយរបស់ Sina បានបង្ហាញឱ្យដឹងថា តារាសម្ដែងប្រុស Song Joong Ki និង ប្រពន្ធក្រោយរបស់លោក មានវត្តមានចូលរួមក្នុងពិធីមង្គលការរបស់មិត្តភក្តិនៅលើទឹកដីកោះបាលី ក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីចុងឆ្នាំ ២០២២។
នៅពេលនោះ សកម្មភាពរបស់អ្នកទាំងពីរត្រូវបានសាធារណជនផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺ អតីតតារាសម្តែងស្រី Katy Louise Saunders បានបង្ហាញឱ្យឃើញថានាងកំពុងមានផ្ទៃពោះ មើលទៅរ៉ូបដែលនាងបានស្លៀកចូលរួមកម្មវិធីមិនអាចគេចពីភ្នែកមនុស្សជាច្រើនបានឡើយ។ រហូតមកដល់ពេលនេះ នាងត្រូវបានមហាជនជាច្រើនសង្ស័យថាកំពុងពពោះបានជិត ៤ ខែមកហើយ មុនប្រកាសជាសាធារណៈ ហើយកូនរបស់នាងអាចសម្រាលនៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
បើទោះជារឿងមួយនេះ ត្រូវបានខាងផលិតកម្មរបស់តារាសម្ដែងប្រុស Song Joong Ki បដិសេធមិនឆ្លើយតបដើម្បីរក្សាភាពឯកជនផ្ទាល់ខ្លួនរបស់តារាសិល្បៈក្រោមការគ្រប់គ្រងក្នុងក្រុមហ៊ុនក៏ដោយ ប៉ុន្តែព័ត៌មានដែលទាក់ទងនឹងកូនរបស់អ្នកទាំងពីរ នៅតែក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមមិនទាន់រសាត់បាត់នោះទេ៕