(វីដេអូ) ស្រឡាញ់គ្នា ៧ ឆ្នាំ! តារាសម្ដែង លី ឌីណា សម្រេចដឹកដៃគូស្នេហ៍ចូលរោងការនៅថ្ងៃនេះ
មហាជនអ្នកតាមដានគាំទ្រភាពយន្តភាគខ្មែរបានស្គាល់ហើយពីកញ្ញា លី ឌីណា ហៅ ភីយ៉ា ដែលជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈ ដែលគេស្រឡាញ់គាំទ្រតាមរយៈស្នាដៃសម្ដែងក្នុងភាពយន្តខ្មែរជាច្រើនកន្លងមក។
ក្រៅពីអាជីពសិល្បៈ ភីយ៉ា ក៏ត្រូវបានមហាជនចាប់អារម្មណ៍ចំពោះជីវិតឯកជនរបស់នាងដែរ ដោយតែងបង្ហាញពីការចាយជីវិតយ៉ាងហាយសូររីករាយ ខណៈកាន់តែជោគជ័យក្នុងជីវិតសិល្បៈ។ លើសពីនេះ កន្លងទៅ ភីយ៉ា ក៏ធ្លាប់បង្ហើបទាក់ទងនឹងរឿងរ៉ាវស្នេហារបស់នាងដែរ ដោយតារាស្រីរូបនេះ បានសាងចំណងស្នេហ៍ជាមួយបុរសម្នាក់រយៈពេលជាង ៧ ឆ្នាំមកហើយ។
ដោយឡែក មកដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ តារាសម្ដែង លី ឌីណា កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ភ្ញាក់ផ្អើល និង បង្ហាញការអបអរសាទរខ្លាំង ខណៈស្ងាត់ៗនាងបានសម្រេចដឹកដៃគូស្នេហ៍ចូលរោងការហើយ។
ក្នុងទិដ្ឋភាពពិធីមង្គលការព្រឹកមិញនេះ តាមរយៈវីដេអូឡាយលើហ្វេសប៊ុកផេក សំអាងការ ឌី សូនិត្តា ឃើញថា លី ឌីណា និង ស្វាមី បានរៀបចំពិធីយ៉ាងធំដំប្រណីត មានវត្តមានពីបងប្អូន សាច់ញាតិ និង មិត្តក្នុងសិល្បៈជាច្រើនចូលរួមជាភ្ញៀវកិត្តិយស និង ជូនពរដល់ថ្ងៃពិសេសរបស់តារាស្រីរូបនេះ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖