ភ្ញាក់ផ្អើល! សង្សារចាស់ Park Min Young ត្រូវបានឃាត់ខ្លួនពីបទល្មើសព្រហ្មទណ្ឌ
ថ្មីៗនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ បានចុះផ្សាយថា កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ តុលាការក្រុងសេអ៊ូលភាគខាងត្បូងបានធ្វើការសួរចម្លើយ មុនឃាត់ខ្លួន លោក Kang Jong Hyun ដែលត្រូវគេស្គាល់ថាជាអតីតមិត្តប្រុសរបស់តារាសម្ដែងស្រី Park Min Young ពីបទក្លែងបន្លំ និង ឆបោក។
នេះបើតាមប្រភពរបស់ទីភ្នាក់ងារស៊ើបអង្កេត បានសម្រេចឃាត់ខ្លួន លោក Kang ដោយបារម្ភថា គាត់អាចនឹងរត់គេចខ្លួន និង បំផ្លាញភស្តុតាង។
បើតាមការចុះផ្សាយរបស់ Allkpop បានរាយការណ៍ថា លោក Kang Jong Hyun គឺជាបងប្រុសរបស់លោក Kang Ji Yeon ជានាយកប្រតិបត្តិនៃ Inbiogen និង Bucket Studio (ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Bithumb)។ កាលពីមុន ការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូល បានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ និង ស្វែងរកក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្រប់គ្រងដោយ Kang Jong Hyun ដូចជា៖ Vident, Inbiogen និង Bucket Studios ក្នុងខែតុលា ឆ្នាំ ២០២២ កន្លងទៅ លោក Kang និង មនុស្ស ២នាក់ទៀត ត្រូវបានគេសង្ស័យថាបានក្លែងបន្លំមូលនិធិសាធារណៈ និង ភាគហ៊ុន។
សូមបញ្ជាក់ផងដែរថា លោក Kang Jong Hyun និង តារាសម្ដែងស្រី Park Min Young ត្រូវបាន Dispatch ទម្លាយថាអ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាកាលពីខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែបន្ទាប់ពីព័ត៌មានស្នេហារបស់អ្នកទាំងពីរ បានបែកធ្លាយជាសាធារណៈភ្លាម ក្រុមហ៊ុនគ្រប់គ្រង Park Min Young ស្រាប់តែបានប្រកាសថាអ្នកទាំងពីរបានចែកផ្លូវគ្នាហើយ មូលហេតុគឺមិនចង់ឱ្យប៉ះពាល់ដល់អាជីពតារាសម្ដែងស្រីរបស់ Park Min Young៕