ធ្វើបុណ្យទាន់ខែភ្លឺ! ឆន សុវណ្ណារាជ ថាអ្នកមានគុណត្រូវការកូនៗបំផុតពេលលោកធ្លាក់ខ្លួនឈឺ
បើនិយាយដល់តារាចម្រៀង ឆន សុវណ្ណារាជ ប្រិយមិត្តអ្នកគាំទ្រភាគច្រើនបានជ្រាបហើយថា លោកគឺជាកូនប្រុសដ៏កតញ្ញូចំពោះអ្នកមានគុណ ដោយកាលម្ដាយលោកមិនទាន់ទទួលមរណភាព តារាប្រុសរូបនេះតែងបំពេញតួនាទីជាកូនល្អ ស្រឡាញ់មើលថែម្ដាយយ៉ាងយកចិត្តទុកដាក់បំផុត។
អស់ពីម្ដាយទៅ ឆន សុវណ្ណារាជ នៅសល់តែលោកឪពុកដែលជាម្លប់ដ៏ត្រជាក់នៅក្នុងគ្រួសារ ប៉ុន្ដែពេលនេះលោកប៉ារបស់តារាប្រុសរូបនេះ ក៏បានធ្លាក់ខ្លួនឈឺ និង កំពុងសម្រាកព្យាបាលនៅមន្ទឺរពេទ្យប្រទេសវៀតណាម។
គ្រាន់តែអ្នកមានគុណធ្លាក់ខ្លួនឈឺភ្លាម ឆន សុវណ្ណារាជ ទម្លាក់ការងារចោលទាំងអស់ ខំស្រូតពីចង្ងាយធ្វើដំណើរទៅវៀតណាមមើលថែលោកឪពុកយ៉ាងយកចិត្តទុកដាក់បំផុត។
ក្នុងនោះ តារាចម្រៀងប្រុសរូបនេះបានរៀបរាប់ថា ៖ «កម្លាំងចិត្តដ៏ធំបំផុតរបស់លោកអ្នកមានគុណនៅពេលដែលលោកឈឺ គឺកូនៗនៅក្បែរ និង មកមើលថែលោកហ្នឹងហើយ មើលថែលោកឱ្យបានល្អជាងលោកមើលថែចិញ្ចឹមបីបាច់យើងតាំងពីតូចទៀតណា ធ្វើបុណ្យទាន់ខែភ្លឺ ឆាប់ជាណា ព្រះរស់របស់កូន»៕