បាត់មុខមួយរយៈ ស៊ូ ស៊ីរីកា ប្រកាសចេញពីផលិតកម្ម ថោន ជាទ្រនំធ្លាប់ជ្រកជិត ១០ ឆ្នាំ
កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ តារាចម្រៀងស្រីវ័យក្មេង ពោរពេញដោយទេពកោសល្យផ្នែកសិល្បៈ ស៊ូ ស៊ីរីកា បានបង្ហោះសារមួយចូលទៅក្នុងគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួនថា នាងបានចាកចេញពីផលិតកម្ម ថោន ដែលជាទ្រនំធ្លាប់ជ្រកកោនជាង ៨ ឆ្នាំកន្លងមកនេះហើយ។
នៅក្នុងសារដែលនាងបានបង្ហោះនោះ ស៊ីរីកា បានរៀបរាប់ថា៖ «នាងខ្ញុំ ស៊ូ ស៊ីរីកា សូមគោពរជម្រាបសួរ ពុកម៉ែបងប្អូនអ្នកគ្រាំទ្រទាំងអស់គ្នា ឱ្យបានជ្រាបថា នាងខ្ញុំ ស៊ូ ស៊ីរីកា បានចាកចេញពីផលិតកម្ម ថោន ហើយ។ នាងខ្ញុំសូមអរគុណដល់មេទាំងពីរនាក់ ដែលបានផ្ដល់ឱកាសដល់រូបនាងខ្ញុំ និង បងៗក្រុមកាងារទាំងអស់គ្នា ដែលបានរួមកាងារជាមួយគ្នា រយៈពេល ៨ ឆ្នាំកន្លងមក ហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងសប្បាយចិត្ត នឹងការសម្រេចចិត្តរបស់នាងខ្ញុំ»។
មិនតែប៉ុណ្ណោះ តារាស្រីសំនៀងផ្អែមមុតពីរោះរណ្ដំរូបនេះ ក៏បានបង្ហើបថានាងនឹងត្រឡប់មកវិញឆាប់ៗនេះ ជាមួយអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកជន ដោយនាងបានបន្ថែមថា៖ «ដោយហេតុមួយរយៈនេះ នាងខ្ញុំកំពុងតែរវល់ជាមួយការងារផ្ទាល់ខ្លួនខ្លះៗ ហើយក៏កំពុងតែត្រៀមនាំយកស្នាដៃថ្មីៗ ដែលអ្នកគ្រាំទ្រ កំពុងតែរង់ចាំផងដែរ។ នាងខ្ញុំ ស៊ូ ស៊ីរីកា សូមផ្ញើរូបនាងខ្ញុំ ជាមួយការវិលត្រលប់មកជាថ្មី និង ស្នាដៃថ្មីប្លែក សង្ឃឹមថារឹតតែមានកាគ្រាំទ្រពីបងប្អូន ពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នា សូមអរគុណ»។
គួរឱ្យដឹងផងដែរថា កាលពីមួយរយៈមុន អតីតបេក្ខជនប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ១ រូបនេះ ក៏ធ្លាប់លេចដំរួយថានាងអាចនឹងក្លាយជាសិល្បករថ្មី របស់ផលិតកម្ម «បារមី» ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីណាមួយនៅឡើយទេ៕