ប្រឡូកសិល្បៈ ២៦ ឆ្នាំហើយ Pock ទម្លាយថាមានរឿង ៣ យ៉ាងដែលនាងចង់ធ្វើបំផុតមុខកាមេរ៉ា
Pock Piyathida តារាស្រីជើងចាស់វ័យ ៤៧ ឆ្នាំ ដែលមានរូបសម្រស់ស្រស់ស្អាត មានប្រជាប្រិយភាព ដែលពោរពេញដោយទេពកោសល្យអាចសម្ដែង និងធ្វើពិធីការិនីបានយ៉ាងល្អ ជាមួយបទពិសោធន៍លើវិថីសិល្បៈមកជាង ២៦ ឆ្នាំ។
តាំងពីប្រឡូកចូលសិល្បៈ មកដល់ពេលបច្ចុប្បន្ន Pock ត្រូវបានមហាជនសរសើរថានាងជាមនុស្សដែលពុំសូវមានរឿងអាស្រូវ មានអាកប្បកិរិយា និងមាយាទ ល្អថ្លៃថ្នូរគួរឱ្យគោរពសរសើរ។
យ៉ាងណាមិញ Pock បានទម្លាយថា៖ «មានរឿង ៣ យ៉ាងដែលខ្ញុំចង់ធ្វើ តែមិនអាចធ្វើបានដោយសារគ្រប់គ្នាមើលឃើញថា Pock ជាមនុស្សល្អមករហូត មិនដែលបង្ហាញកាយវិការមិនល្អតាមកញ្ចក់កាមេរ៉ា។ ដោយរឿង ៣ យ៉ាងនោះមាន ញ៉ាំស្រា, ជក់បារី ហើយនិយាយស្ដីបែបមិនពីរោះនៅមុខកាមេរ៉ា ដែលជារូបភាពដែលអ្នកទាំងអស់គ្នាមិនដែលឃើញពីមុន។ ហើយបើសួរថាខ្ញុំចេះញ៉ាំស្រាទេ ចេះញ៉ាំតែត្រូវបែងចែកពេល ដោយសារខ្ញុំមានការងារច្រើនហើយទំនួលខុសត្រូវខ្ពស់ តែថាបើខ្ញុំធ្វើរឿងមិនសុភាព មិនល្អចេញតាមទូរទស្សន៍ឱ្យអ្នករាល់គ្នាឃើញ ខ្លាចតែគ្រប់គ្នាបែរមកស្អប់ខ្ញុំមិនខាន»៕