ក្ដៅៗ! ផេកចាស់ MGC ឆ្លើយតបវិញផាំងៗ ក្រោយ MGI ថាខ្លួនមិនបានបង់លុយតាមការកំណត់
កាលពីព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យកញ្ញាឯកកម្ពុជា ក៏ដូចជាអ្នកគាំទ្រកម្មវិធី Miss Grand Cambodia មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញហ្វេសប៊ុកផេកផ្លូវការរបស់ Miss Grand International បានចេញមកប្រកាសពីមូលហេតុមួយចំនួនដែលពាក់ព័ន្ធនឹងការអស់សិទ្ធិគ្រប់គ្រងកម្មវិធី MGC របស់លោក អ៊ិន សុភិន។
យោងតាមការបង្ហោះផេកផ្លូវការ MGI បានរៀបរាប់ថា ៖ « សេចក្ដីប្រកាស អាជ្ញាប័ណ្ណកម្មវិធី Miss Grand Cambodia ២០២៣ គឺស្ថិតនៅក្រោមក្រុមហ៊ុនថ្មី 𝗛𝗞𝟳 𝗖𝗼.,𝗟𝘁𝗱 ដោយលោកស្រី 𝗜𝗺 𝗦𝗼𝗸𝘂𝗻𝘁𝗵𝗲𝗮។ អ្នកកាន់អាជ្ញាប័ណ្ណកាលពីមុន មិនអាចបំពេញការបង់ប្រាក់ជូនក្រុមហ៊ុនក្នុងរយៈពេលកំណត់បាន និង លែងមានសិទ្ធិក្នុងការប្រើប្រាស់ឈ្មោះតំណែង MGI លំដាប់រងទី ៥ សម្រាប់ឆ្នាំ ២០២២។ ចំណែក ឈ្មោះ ប្រ៊េនផ្សេងៗ ជុំវិញការផ្សព្វផ្សាយណាមួយដែលទាក់ទងនឹង MGI គឺទាមទារការយល់ព្រមពីក្រុមហ៊ុន MGI ជាមុនសិន»។
ដោយឡែក ងាកមកមើលគណនីផេកចាស់ Miss Grand Cambodia ដែលគ្រប់គ្រងដោយលោក អ៊ិន សុភិន វិញ បានចេញមកបង្ហោះសារឆ្លើយតបទៅវិញផងដែរថា ៖ «រឿង Miss Grand Cambodia ២០២៣ យើងឈប់ធ្វើហើយ បានជម្រាបជូនដល់មហាជនដឹងដែរ តាំងពីថ្ងៃទី១៤ ខែ១២ ឆ្នាំ ២០២២ ម្ល៉េះ ចុះហេតុអីមកចុះថា គេមិនបង់ License ២០២៣ ឱ្យ គេឈប់ធ្វើហើយចង់លក់ឱ្យអ្នកណាជារឿង MGI ទៅ កុំមកពាក់ពន្ធ័នឹងមហាហង្សទៀត តែរឿង Miss Grand Cambodia ២០២២ ខ្ញុំនៅមានសិទ្ធិ ព្រោះមហាហង្ស បានបង់លុយ និង ធ្វើកម្មវិធីរួចហើយ។ សូម Fanៗ មេត្តាជ្រាប»៕