ក្តៅគគុក! MGI ទម្លាយមូលហេតុ ម្ចាស់ MGC ចាស់អស់សិទ្ធិកាន់កាប់បន្ត ព្រោះមិនបង់លុយតាមកិច្ចព្រមព្រៀងកំណត់
នៅព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ នេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យកញ្ញាឯកកម្ពុជា ក៏ដូចជាអ្នកគាំទ្រកម្មវិធី Miss Grand Cambodia មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញហ្វេសប៊ុកផេកផ្លូវការរបស់ Miss Grand International បានចេញមកប្រកាសពីមូលហេតុមួយចំនួនដែលពាក់ព័ន្ធនឹងការអស់សិទ្ធិគ្រប់គ្រងកម្មវិធី MGC របស់លោក អ៊ិន សុភិន។
យោងតាមការបង្ហោះផេកផ្លូវការ MGI បានរៀបរាប់ថា ៖ «សេចក្ដីប្រកាស អាជ្ញាប័ណ្ណកម្មវិធី Miss Grand Cambodia ២០២៣ គឺស្ថិតនៅក្រោមក្រុមហ៊ុនថ្មី 𝗛𝗞𝟳 𝗖𝗼.,𝗟𝘁𝗱 ដោយលោកស្រី 𝗜𝗺 𝗦𝗼𝗸𝘂𝗻𝘁𝗵𝗲𝗮។ អ្នកកាន់អាជ្ញាប័ណ្ណកាលពីមុន មិនអាចបំពេញការបង់ប្រាក់ជូនក្រុមហ៊ុនក្នុងរយៈពេលកំណត់បាននិង លែងមានសិទ្ធិក្នុងការប្រើប្រាស់ឈ្មោះតំណែង MGI លំដាប់រងទី ៥ សម្រាប់ឆ្នាំ ២០២២។ ចំណែក ឈ្មោះ ប្រ៊េនផ្សេងៗ ជុំវិញការផ្សព្វផ្សាយណាមួយដែលទាក់ទងនឹង MGI គឺទាមទារការយល់ព្រមពីក្រុមហ៊ុន MGI ជាមុនសិន»។ យ៉ាងណាមិញ សម្រាប់រឿងរ៉ាវបន្ត មានទៅជាយ៉ាងណា មានតែរង់ចាំការបកស្រាយពីស្ថាប័នទាំងពីរខាងលើប៉ុណ្ណោះ ៕