ត្រឹម ៦ ខែ ឧកញ៉ា ឃ្លោក បានបាត់បង់សមាជិកក្នុងគ្រួសារជាទីគោរពស្រឡាញ់បំផុត ដល់ទៅ ២ រូប
ឧកញ៉ា ឃ្លោក ដែលទស្សនិកជនស្គាល់ច្បាស់គឺជាតារាកំប្លែងស្ថិតក្នុងក្រុម នាយកុយ បានប្រកាសដំណឹងដ៏សោកសៅ ដោយលោកបានបាត់បង់ម្ដាយក្មេកជាទីគោរពស្រឡាញ់នៅរំលងអធ្រាត្រឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ នេះ ដោយជរាពាធ។
មុនពេលម្ដាយក្មេកទទួលមរណភាព កាលពី ៦ ខែមុន ឧកញ៉ា ឃ្លោក ក៏បានបាត់បង់ឪពុកក្មេករួចមកហើយ ដែលធ្វើឱ្យបងប្អូនកូនចៅ បង្ហាញអារម្មណ៍សោកសៅ និង ស្ដាយស្រណោះនូវការលាចាកលោករបស់អ្នកមានគុណទាំងពីរក្នុងរយៈពេលបន្តបន្ទាប់គ្នាបែបនេះ។
ឧកញ៉ា ឃ្លោក បានរៀបរាប់ទាំងក្ដុកក្ដួលនៅលើហ្វេសប៊ុកថា ៖ «ពិតជាពិបាកទទួលយកណាស់ លោកឪពុកក្មេកទើបតែទទួលមរណភាពនៅថ្ងៃ ១១ ខែមិថុនា ឆ្នាំ ២០២២ ឥលូវនេះអ្នកម្តាយក្មេក ដែលជាទីគោរពស្រឡាញ់របស់កូនៗ និង ចៅៗ បានទទួលមរណភាពនៅវេលាម៉ោង ២:០៩ នាទីទៀបភ្លឺឈានចូលថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ ដោយជរាពាធទៀត»។
ក្នុងនោះ ឧកញ៉ា ឃ្លោក ក៏បានបញ្ជាក់ទីតាំងតម្កល់សពម្ដាយក្មេក គឺស្ថិតនៅគេហដ្ឋានកំពុងធ្វើបុណ្យតាមពិធីសាសនា នៅភូមិស្វាយលើ ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕