ផ្ទុះល្បីទាក់ទងប្រុសក្មេងខុសអាយុដល់ទៅ ១៤ ឆ្នាំ ឥលូវ Pat ចេញមុខឆ្លើយតបហើយ
បើនិយាយដល់តារាស្រី Pat Napapa មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថានាងជាតារាស្រីដែលមានជីវិតតស៊ូ ជួបឧបសគ្គជីវិតរាប់មិនអស់ ប៉ុន្ដែមិនដែលបោះបង់ ឬ ចុះចាញ់នោះឡើយ នៅតែងើបឈរឡើងតស៊ូយ៉ាងរឹងមាំ។
Pat ជាតារាស្រីដែលមានសម្រស់ស្រស់ស្អាត មានភាពជោគជ័យលើសិល្បៈ តែចំពោះរឿងស្នេហានាងបែរជាបរាជ័យជាច្រើនលើកច្រើនសា ដោយធ្លាប់ឆ្លងកាត់ជីវិតរៀបការតែក៏លែងលះ បន្សល់កូនប្រុសម្នាក់ ហើយក្រោយលែងលះនាងក៏មានបុរសជាច្រើនតាមលួងលោម ប៉ុន្ដែមិនមានអ្នកណានៅជាប់លាប់បានយូរនោះឡើយ។
ថ្មីៗនេះដែរ ស្រាប់តែផ្ទុះចចាមអារ៉ាមថា Pat កំពុងទាក់ទងជាមួយគូស្នេហ៍ថ្មីដែលខុសវ័យគ្នាដល់ទៅ ១៤ ឆ្នាំ។ ជុំវិញបញ្ហានេះ Pat បានចេញមុខឆ្លើយតបថា ៖ «ខ្ញុំទទួលស្គាល់ថាខ្ញុំកំពុងចែចង់ជាមួយប្រុសក្មេងពិតមែន ហើយគាត់មានអាយុក្មេងជាងខ្ញុំ ១៤ ឆ្នាំ តែខ្ញុំមិនទាន់ចង់បើកចំហនៅឡើយទេ តែរឿងនេះអាចបែកធ្លាយដោយសារពួកយើងទៅញ៉ាំអាហារជាមួយគ្នា ហើយបានជួបសិស្សច្បងក្នុងសិល្បៈដោយចៃដន្យ»។
«Pat ចង់បញ្ជាក់ថា បុរសវ័យក្មេងម្នាក់នេះមិនមែនជាអ្នកសិល្បៈទេ ហើយបច្ចុប្បន្នគឺពួកយើងមិនទាន់ច្បាស់នៅឡើយទេ ដោយស្ថិតក្នុងដំណាក់ការនិយាយ និង រៀនស្គាល់ពីគ្នានៅឡើយទេ តែខ្ញុំមិនបានលាក់បាំងអ្វីទាំងអស់ គ្រាន់តែពួកយើងមិនទាន់ច្បាស់ ម្យ៉ាងអាយុខុសគ្នាច្រើន វាអាចនឹងធ្វើឱ្យមានសម្ពាធរៀងខ្លួន តែខ្ញុំក៏កំពុងសង្កេតមើលដូចគ្នាថាតើគាត់ពិតជាចាប់អារម្មណ៍ខ្ញុំពិតទេ ហើយអាចចុះសម្រុងគ្នាឬអត់ ព្រោះពេលនេះមិនទាន់ស្គាល់គ្នាច្បាស់ គ្រប់យ៉ាងអាចល្អ តែថ្ងៃមុខអាចប្រែប្រួលក៏ថាបាន»៕