សម្បូរគេសង្ស័យថាមានកូនពេក Hailey ដាច់ចិត្តទម្លាយរឿងដ៏ឈឺចាប់ពីក្រោយសភាពពោះប៉ោងរបស់នាង
តារាម៉ូដែល Hailey Beiber បានបញ្ចប់ការសង្ស័យរបស់មហាជនជុំវិញសភាពផ្ទៃពោះប៉ោងរបស់នាង ដោយទម្លាយឥតលាក់លៀមថា នាងកើតមានដុំគីសទំហំប៉ុនផ្លែប៉ោម នៅក្រពេញអូវែរបស់នាង។
តារាម៉ូដែលវ័យ ២៦ ឆ្នាំ ដែលជាភរិយារបស់កំពូលតារាចម្រៀង Justin Bieber រូបនេះ បានចែករំលែករូបភាពមួយសន្លឹករបស់នាងបញ្ចេញក្បាលពោះលើ Story Instagram ដោយអមជាមួយអក្សរមួយចំនួនថ្លែងពីអារម្មណ៍ឈឺចាប់របស់នាងថា ៖«ខ្ញុំមានដុំគីសប៉ុនផ្លែប៉ោម នៅត្រង់ក្រពេញអូវែរបស់ខ្ញុំ។ ខ្ញុំមិនមានជំងឺ endometriosis ឬ PCOS ទេ ប៉ុន្តែបានកើតមានដុំគីសនៅក្រពេញអូវែនេះប៉ុន្មានដងហើយ នេះមិនមែនលេងសើចទេ»។
Hailey បានបន្តទៀតថា ៖«វាមិនមែនជាកូនឡើយ។ វាមានការឈឺចាប់ណាស់ ហើយវាក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍ចង់ក្អួត។ វាអណ្ដែតឡើង ហើយរមួលឈឺណាស់។ តែយ៉ាងណា ខ្ញុំប្រាកដណាស់ថាអ្នកទាំងអស់គ្នាភាគច្រើនធ្លាប់ឆ្លងកាត់ និង យល់ពីបញ្ហានេះ»។
ជាការពិតណាស់ កន្លងមកនេះ តារាចម្រៀង Justin Bieber និង Hailey ជាភរិយា គឺតែងតែបើកបង្ហាញពីបញ្ហាសុខភាពរបស់ពួកគេប្រាប់ដល់មហាជនអ្នកគាំទ្រ។ បើងាកមកនិយាយពីអ្នកគាំទ្រវិញ ពួកគេក៏បានបង្ហាញពីការអាណិត និង ជូនពរឱ្យតារាទាំងគូនេះឆាប់ជាសះស្បើយ និង ជៀសផុតពីជំងឺនានាផងដែរ៕