
ឌី សូនិត្តា ជប់លៀងជ័យជម្នះបានពាន និង ឆ្លៀតទម្លាយអ្នកនៅពីក្រោយការជោគជ័យដ៏ធំលើកនេះ
ឌី សូនិត្តា បានក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀង I Am A Singer Cambodia រដូវកាលទី ៣ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនវគ្គកន្លងមក។
ក្រោយទទួលបានជ័យលាភីលើការប្រកួតចម្រៀងដ៏ធំខាងលើ ឌី សូនិត្តា ក៏បានបង្ហោះសារអរគុណជាខ្លាំងដល់លោកគ្រូភ្លេង អ្នកមានគុណ និង មិត្តភក្ដិទាំងអស់បង្ហោះលើគណនីហ្វេសប៊ុកដោយសេចក្ដីរំភើបជាពន់ពេក។
លើសពីនេះ ថ្មីៗនេះ ឌី សូនិត្តា ក៏បានអញ្ជើញបងប្អូន មិត្តភក្ដិជិតដិតក្នុងរង្វង់សិល្បៈជាច្រើនរូបជប់លៀងអបអរជ័យជម្នះរបស់ខ្លួន។ ក្នុងនោះ ឌី សូនិត្តា ក៏បានបញ្ចេញអារម្មណ៍ពិតថា ៖ «អរគុណសម្រាប់វត្តមានទទួលទានល្ងាចនៃការអបអរសាទរពីលោកគ្រូៗ និង បងៗសម្រាប់ការទទួលពានរបស់នាងខ្ញុំ អរគុណនូវក្តីស្រឡាញ់រាប់អាន អរគុណនូវសន្តានចិត្តឱ្យតម្លៃគោរព និង ផ្តល់កិត្តិយសពីបងៗ អរគុណលោកគ្រូដ៏ពូកែ និង វៃឆ្លាត ដូចលោកគ្រូរៀមច្បងដាក់រហ័សនាមឱ្យមិនខុសមែន លោកគ្រូដ៏ល្អទាំងចិត្តទាំងបេះដូង គាត់បានដើរតួនាទីពាក្យថាជាគ្រូបានយ៉ាងល្អ គាត់ខំប្រឹងណាស់សម្រាប់វេទិកាមួយនេះ រយៈពេល ៣ ខែ គាត់មិនដែលសម្រាកគ្រប់គ្រាន់ ជួនពេលខ្លះជារឿយៗ ម៉ោង ៥ ភ្លឺនៅទម្លាក់បទមកឱ្យសិស្សនូវឡើយ ជួនពេលខ្លះពួកយើងនៅសមដល់ម៉ោង ១០ យប់ គាត់មិនដែលរអ៊ូមិនដែលធុញទ្រាន់មិនដែលបន្ទោសសិស្ស មិនដែលសូម្បីតែបន្ទុចបង្អាក់សិស្ស គាត់ជាមនុស្សម្នាក់ដ៏សំខាន់ដែលនៅពីក្រោយភាពជោគជ័យដ៏ធំមួយនេះ សមហើយដែលពួកយើងទទួលបានលទ្ធផលល្អមួយនេះណាបង Mao Kithya-Frank»៕