
ផ្ទុះការសង្ស័យ ស៊ូ ស៊ីរីកា ទំនងក្លាយជាសមាជិកថ្មីរបស់ផលិតកម្ម «បារមី» ក្រោយធ្លាយដំរួយទាំងនេះ
ពិតណាស់ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាចម្រៀងស្រីវ័យក្មេងពោរពេញដោយទេពកោសល្យផ្នែកសិល្បៈ ស៊ូ ស៊ីរីកា កន្លងមកតែងតែធ្វើឱ្យមហាជនលួចសរសើរមិនដាច់ ពីទឹកដមសំឡេងដ៏ផ្អែមមុតពីរោះរណ្ដំបំពេអារម្មណ៍ទស្សនិកជន ជាពិសេសពេលតារាស្រីរូបនេះ ច្រៀងបទចម្រៀងបែបមនោសញ្ចេតនាម្ដងៗ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រភ្ញាក់ផ្អើលនោះ ថ្មីៗនេះស្រាប់តែមានដំរួយជាបន្តបន្ទាប់ថាតារាស្រីរូបនេះអាចនឹងក្លាយជាសមាជិកថ្មីក្នុងផលិតកម្ម «បារមី»។
ក្នុងដំរួយដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យនោះ គេសង្កេតឃើញថាកាលពីប៉ុន្មានថ្ងៃមុន កញ្ញា ស៊ូ ស៊ីរីកា បានទៅការិយាល័យរបស់ផលិតកម្ម «បារមី» រួចបង្ហោះរូបឡូហ្គូបារមីចូលទៅក្នុង Story ហ្វេសប៊ុក។ ចំណែកឯថ្មីៗទៀតនេះ គេបានឃើញ ស៊ូ ស៊ីរីកា បានទៅជួបអ្នកគ្រប់គ្រងតារារបស់ផលិតកម្ម បារមី ដែលគេស្គាល់ថា Lu Lus នៅក្នុងភោជនីយដ្ឋានមួយ។
គួរឱ្យដឹងផងដែរថា ទាំងនេះគ្រាន់តែជាការសង្ស័យរបស់មហាជនតែប៉ុណ្ណោះ។ សម្រាប់ដំណឹងបន្តបន្ទាប់យ៉ាងណានោះ មានតែរង់ចាំការប្រកាសពីម្ចាស់សាមីខ្លួនបន្តទៀតតែប៉ុណ្ណោះ៕