
(វីដេអូ) មហាជនរំជួលចិត្ត ក្រោយឃើញពីរនាក់ម្តាយកូន សឿ សុធារ៉ា នាំគ្នាលេងភ្លេងហើយច្រៀងបទ សាពូន មីដាដា
មហាជននិយមតាមដានជីវិតឯកជនរបស់អ្នកនាង សឿ សុធារ៉ា ច្បាស់ជាបានជ្រាបមកហើយពីស្ថានភាពសុខទុក្ខរបស់អ្នកនាងនាពេលនេះ ដោយតារាសម្ដែងស្រីរូបនេះមានជំងឺបាក់ទឹកចិត្តបានលេបថ្នាំសរសៃប្រសាទអស់រយៈពេល ៣ ឆ្នាំមកហើយ។ បន្ទាប់ពីជួបព្យុះភ្លៀងក្នុងជីវិតផ្ទួនៗមិនថារឿងគ្រួសារ ការងារ បំណុលនោះទេ ចុងក្រោយនេះនាងត្រូវបាត់បង់ម្ដាយជាទីស្រឡាញ់ថែមទៀត។
យ៉ាងណា ក្រោយពីហ៊ានបើកចំហបង្ហាញពីជំងឺ និង បញ្ហាជីវិតរបស់ខ្លួនហើយនោះ អ្នកនាង សឿ សុធារ៉ា ក៏ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈជាច្រើនអាណិតអាសូរ និង ជួយរំលែកទុក្ខលំបាករបស់អ្នកនាងតាមរយៈការជួយជាប្រាក់ និង លើកទឹកចិត្តជាច្រើនផងដែរ។
ថ្មីៗនេះវីដេអូ ១ បានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកតៗគ្នាពីសកម្មភាពរបស់តារាចម្រៀង ម៉ៅ ស៊ីណាត ទៅសួរសុខទុក្ខអ្នកនាង សឿ សុធារ៉ា នៅវត្តអារាមដែលអ្នកនាងកំពុងស្នាក់នៅ ដោយធ្វើការឡាយវីដេអូជជែកម្សាន្ត ដើម្បីឱ្យអារម្មណ៍អ្នកនាង សឿ សុធារ៉ា ប្រសើរឡើងផងដែរ។
ក្នុងការឡាយនោះ កូនស្រីច្បងរបស់អ្នកនាង សឿ សុធារ៉ា ក៏បានប្រគំតន្ត្រីដោយលេងឧបករណ៍យូកូឡេឡេបណ្តើរ និង ច្រៀងលេងបណ្តើរនោះ ក៏បានលើកយកចម្រៀងរបស់ឪពុក គឺលោក សាពូន មីដាដា យកមកបកស្រាយយ៉ាងពីរោះ។ អ្វីកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ថែមទៀតនោះ ស្របពេលកូនស្រីកំពុងតែច្រៀងចម្រៀងរបស់ឪពុកយ៉ាងជក់ចិត្ត នៅឃ្លាចុងក្រោយនៃបទចម្រៀង អ្នកនាង សឿ សុធារ៉ា ក៏បានបង្ហើរសំឡេងបកស្រាយបទចម្រៀងរបស់អតីតស្វាមីផងដែរ។
ក្នុងនោះ មិនត្រឹមតែអ្នកទស្សនារំជួលចិត្តនោះទេ សូម្បីតែកូនស្រីច្បងរបស់អ្នកនាង សឿ សុធារ៉ា ដែលកំពុងលេងភ្លេងនោះ ក៏ហាក់រំភើបចិត្តអួលដើមក ឃើញអ្នកម្តាយបកស្រាយចម្រៀងរបស់ឪពុក រួមគ្នានឹងនាងថែមទៀតផង៕