តារាចម្រៀងស្រី ២ រូប ផ្តើមពីតារាចម្រៀងទោល ក្លាយជាម្ចាស់ផលិតកម្មទាំងវ័យក្មេង
ជាការពិត បើគិតមកដល់ពេលនេះមានតារាប្រុសស្រីជាច្រើនណាស់មកហើយ ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈ ហើយក៏មានខ្លះទៀតក៏បានបោះបង់អាជីពជាតារាទាំងពាក់កណ្តាលទី ដោយមូលហេតុផ្សេងៗគ្នា។
ក្នុងនោះ បើលើកយកពីតារាចម្រៀងស្រី ២ រូប គឺកញ្ញា ឡូរ៉ា ម៉ម និង កញ្ញា ចិត្ត កញ្ចនា កំពុងតែបន្តដំណើរលើវិថីសិល្បៈយ៉ាងជោគជ័យពីតារាចម្រៀង Original Song រហូតក្លាយទៅជា លំដាប់តារាចម្រៀងផ្នែកនារីមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និង ក្លាយទៅជាទូតសុឆន្ទៈរបស់ក្រុមហ៊ុជាច្រើន។
លើសពីនោះ ក្រោយពីការតាំងជំហរដ៏រឹងមាំពីតារាចម្រៀង Original Song ផ្នែកនារី កញ្ញា ឡូរ៉ា ម៉ម និង កញ្ញា ចិត្ត កញ្ចនា ក៏បានក្លាយទៅជា CEO ប្រចាំផលិតកម្មផ្ទាល់ខ្លួនទាំងវ័យក្មេង។
១. កញ្ញា ឡូរ៉ា ម៉ម
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា ១២ ឆ្នាំមកហើយ ដែលតារាចម្រៀង ឡូរ៉ា ម៉ម បានលេចឈ្មោះល្បីរន្ទឺក្នុងឧស្សាហកម្មតន្ត្រី។ ក្នុងនោះ គេក៏ចាំបានថាតារាចម្រៀងរូបនេះ បានបង្ហាញវត្តមានក្នុងការចេញបទចម្រៀងដំបូងរបស់ខ្លួនតាំងពីរស់នៅឯសហរដ្ឋអាមេរិកអំឡុងឆ្នាំ ២០១០ មកម្ល៉េះ ហើយបទដែលកញ្ញាទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺ cover បទ «ស្វារាំមុនឃីស»។
ក្រោយសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺលើវិស័យសិល្បៈ ឆក់យកបេះដូងអ្នកគាំទ្រជាច្រើនហើយនោះ កញ្ញា ឡូរ៉ា ម៉ម ក៏បានបង្កើតផលិតកម្មបារមី និង ក្លាយទៅជានាយកប្រតិបត្តិផងដែរ។ បច្ចុប្បន្ន ផលិតកម្មបារមី គឺជាផលិតកម្មមួយដែលកំពុងឈរនៅលំដាប់ខ្ពស់លើវិស័យឧស្សាហកម្មតន្ត្រី ដែលផលិតនូវចម្រៀង Original Song គ្រប់ទម្រង់ពីសិល្បករ សិល្បការិនីល្បីៗជាច្រើន។
២. កញ្ញា ចិត្ត កញ្ចនា
តារាចម្រៀង Original Song មានដើមកំណើតមកពីខេត្តបាត់ដំបង កញ្ញា ចិត្ត កញ្ចនា បានបោះជំហានយ៉ាងគំហុកលើវិថីសិល្បៈតាំងពីអំឡុងឆ្នាំ ២០១៣ ដោយបទចម្រៀងដំបូង ដែលកញ្ញាទទួលបានការគាំទ្រគឺបទ «ឈឺ» និង «ភ្លេចខ្លួន»។
បច្ចុប្បន្នតារាចម្រៀងស្រីអាចលេងហ្គីតាបានយ៉ាងស្ទាត់ជំនាញរូបនេះ បានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺលើវិស័យចម្រៀង Original Song ក្នុងចំណោមតារាចម្រៀងផ្នែកនារី។ លើសពីនោះ កញ្ញា ចិត្ត កញ្ចនា ក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួន និង ក្លាយជាចាងហ្វាងផលិកម្មរណ្តំ និង កំពុងតែបន្តដំណើរយ៉ាងជោគជ័យលើវិស័យចម្រៀងជាមួយនឹង តារាចម្រៀងរួមផលិតកម្មជាច្រើនទៀត៕