ក្រោយលាលែងពីតំណែងលំដាប់រងទី ១ ហង្ស សុរិយាន់ និយាយពាក្យយ៉ាងមានន័យ
ដូចដែលប្រិយមិត្តអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាបានដឹងហើយថា កាលពីអំឡុងការប្រកួត Miss Grand Cambodia ឆ្នាំ ២០២២ កន្លងទៅ កញ្ញា ហង្ស សុរិយាន់ គឺទទួលបានតំណែងជាលំដាប់រងទី ១ និងទទួលបានឱកាសតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Earth International នៅប្រទេសហ្វីនលីពីន ប៉ុន្តែក្រោយមកកញ្ញាក៏បានបោះបង់ឱកាសនេះវិញ ដោយពុំអាចទៅចូលរួមប្រកួតបានដោយសារមានបញ្ហាសុខភាព។
លើសពីនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រហាក់ភ្ញាក់ផ្អើល កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ថ្មីៗនេះ ស្រាប់តែឃើញ បវរកញ្ញារូបនេះ បានចេញសេចក្តីប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់ឱ្យដឹងថា នាងបានលាលែងពីតំណែងលំដាប់រងទី ១ នៃ Miss Grand Cambodia ឆ្នាំ ២០២២ ហើយ ដោយពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។
យ៉ាងណាមិញ ក្រោយពីប្រកាសលាលែងពីតំណែងបវរកញ្ញាលំដាប់រង ១ នៃ Miss Grand Cambodia ២០២២ នេះ កញ្ញា ហង្ស សុរិយាន់ ក៏បានបង្ហោះសារមួយយ៉ាងមានអត្ថន័យ ដែលបង្ហាញពីចិត្តនៃការចង់ចាំនូវបទពិសោធន៍ ក៏ដូចជាអនុស្សាវរីយជាច្រើនក្នុងវិស័យបវរកញ្ញា និងក្នុងតំណែងជាបវរកញ្ញាលំដាប់រងទី ១ នៃ MGC នេះផងដែរ។
ក្នុងនោះ កញ្ញា ហង្ស សុរិយាន់ បានរៀបរាប់ថា ៖ «អនុស្សាវរីយ៍ដល់ល្អបំផុត នៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត អរគុណច្រើនចំពោះបទពិសោធដ៏អស្ចារ្យ The best memories in my heart forever thank very much for great experienced»៕