ផលិតករល្បីឈ្មោះ ឯកឧត្តម ហ្វៃ សំអាង លើកឡើងបែបនេះ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ថិតក្នុងការប្រកួត MGI
មកដល់ពេលនេះ រយៈពេលប្រមាណ ៤ ថ្ងៃមកហើយ ដែល Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចាកចេញពីមាតុប្រទេសទៅប្រទេសឥណ្ឌូនេស៊ី តំណាងកម្ពុជាចូលរួមប្រកួត Miss Grand International 2022។
ក្នុងដំណើរទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្ត Miss Grand International 2022 នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ គេបានឃើញថា បេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗ និង បវរកញ្ញាកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បាន និង កំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងៗនៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
ស្របពេលនេះដែរ ឃើញថាមហាជនអ្នកគាំទ្រ ជាពិសេសអ្នកស្នេហាវិស័យបវរកញ្ញាខ្មែរកំពុងតែបង្ហាញការគាំទ្រលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់បវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងដំណើរការប្រកួតលើឆាកដ៏អស្ចារ្យនេះផងដែរ។
ជាមួយគ្នានោះ អ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ទៀត ខណៈ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងស្ថិតក្នុងការប្រកួតនេះ គេក៏បានឃើញផលិតករភាពយន្តខ្មែរដែលជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះនៅកម្ពុជា ឯកឧត្តម ហ្វៃ សំអាង ក៏បានធ្វើការបង្ហោះសារជូនពរចំពោះបវរកញ្ញារូបនេះ ក្នុងដំណើរការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ីផងដែរ។
ក្នុងនោះ តាមរយៈសាររបស់ ឯកឧត្តម ហ្វៃ សំអាង ក៏បានឱ្យដឹងថា បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថ្មីៗកន្លងទៅ ក៏ត្រូវបានជ្រើសរើសជាតួអង្គសម្ដែងក្នុងសាច់រឿងភាគបុរាណខ្មែរ «អប្សរាមហាអង្គរ» របស់ផលិតកម្មហង្សមាសផងដែរ។
ក្នុងនោះ ឯឧត្តម ហ្វៃ សំអាង បានរៀបរាប់ថា ៖ «ខ្ញុំ និងក្រុមការងារផលិតរឿង អប្សរាមហាអង្គរ របស់ផលិតកម្ម ហង្សមាស សូមជូនពរក្មួយស្រី ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅក្នុងឱកាសទៅចូលរួមប្រកួតបវរកញ្ញាតំណាងប្រទេសកម្ពុជា នៅក្នុងប្រទេសឥណ្ឌូនេស៊ី សូមបានទទួលជោគជ័យ ពេលត្រលប់មកវិញ ត្រូវរួមការងារជាមួយគ្នា ក្នុងនាមតួអង្គនាង ឆោម ឆវី និង តួនាង ឆោម ឆផ្កា។ ជ្រើសរើសយកក្មួយស្រី មកសម្ដែងតួអង្គនេះ មុនពេលក្មួយចូលរួមប្រកួតបវរកញ្ញាទៅទៀត។ ពិតជាភ្ញាក់ផ្អើល នៅពេលឃើញក្មួយចូលរួមប្រកួត ហើយទទួលបានតំណែងលេខ ១ ក្នុងការប្រកួត។ អប្សរាមហាអង្គរ មានបវរកញ្ញាចំនួន ៤ ដួង ចូលរួមសម្តែង តើមានបវរកញ្ញាណាខ្លះ រង់ចាំតាមដានទាំងអស់គ្នា»៕