អ៊ុន សិទ្ធា បង្ហោះរូបជាមួយលោក ទេព រិន្ធដារ៉ូ អមនឹងសំនួរថា «ចង់បន្តវេនពីរៀមច្បង តើអាចទេ?»
មហាជននិយមតាមដានវិស័យខ្សែភាពយន្ត ច្បាស់ជាបានជ្រាបហើយពីសន្ទុះនៃការគាំទ្ររបស់តារាសម្តែងប្រុសរាងមាំ ខ្ពស់ស្រឡះ លោក អ៊ុន សិទ្ធា ដែលមានប្រជាប្រិយភាព និង ជាលំដាប់តារាប្រុសទទួលបានការគាំទ្រយ៉ាងខ្លាំង។
គិតមកដល់ពេលនេះ រយៈពេលប្រមាណជាជិត ២០ ឆ្នាំ ហើយ លើវិស័យសិល្បៈ ដែលលោក អ៊ុន សិទ្ធា បានក្តោបតំណែងជា តារាសម្តែង តារាបង្ហាញម៉ូដ និង ជាពិធីករថែមទៀតផង។ លើសពីនោះ លោកក៏ត្រូវបានសិល្បករ-ការិនីជំនាន់ក្រោយ ចាត់ទុកលោកជារៀមច្បងមានសមត្ថភាព ទេពកោសល្យ ដែលគ្មានសិស្សប្អូនណាអាចបំបាក់ប្រជាប្រិយភាពលោកបាននោះទេ។
ថ្មីៗនេះ លោក អ៊ុន សិទ្ធា ក៏បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នូវរូបភាព និង សារ ដែលលោកបានបង្ហោះជាមួយនឹងតារាភាពយន្តជើងចាស់ លោក ទេព រិន្ធដារ៉ូ ដោយបានរៀបរាប់ថា៖ «ចង់បន្តវេនពីរៀមច្បង តើអាចទេ?»។
សារ និង រូបភាពនោះដែរ ក៏បានធ្វើឱ្យចាប់អារម្មណ៍ដល់តារាសម្តែងទាំង ២ រូប ដែលចាត់ទុកជាតារាសម្តែង ២ ជំនាន់ មានប្រជាប្រិយភាពខ្លាំង ថែមទាំងទេពកោសល្យផ្នែកសិល្បៈដូចគ្នា។
លើសពីនោះ សំនួរ ដែលលោក អ៊ុន សិទ្ធា បានសាកសួរអមនឹងរូបភាពជាមួយតារាសម្តែងជើងចាស់ ទេព រិន្ធដារ៉ូ នោះ ក៏មានមហាជនបានឆ្លើយតបថា លោកអាចបន្តវេនបានពីរៀមច្បង ក៏ព្រោះតែលោកមានសមត្ថភាព និង ទេពកោសល្យសិល្បៈល្អណាស់ទៅហើយ៕