(វីដេអូ) ថុល សុភិទិ និង ពេជ្រ សូលីកា ប៉ះគ្នាច្រៀងលើឆាកម្ដង ផ្អើលអ្នកគាំទ្រ
កាលពីមួយរយៈមុន មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផ្ទុះការសង្ស័យទៅលើទំនាក់ទំនងរវាងតារាចម្រៀងរូបស្រស់ ពេជ្រ សូលីកា និង កំលោះសង្ហា ថុល សុភិទិ ដែលជាបេក្ខជនដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ៤ បន្ទាប់ពីឃើញអ្នកទាំងពីរឧស្សាហ៍ជួបគ្នាបង្ហាញសកម្មភាពស្និទ្ធស្នាលញឹកញាប់។
ក្រោយផ្ទុះពាក្យចចាមអារ៉ាមថា ពេជ្រ សូលីកា និង ថុល សុភិទិ មានទំនាក់ទំនងស្នេហានឹងគ្នាមក មួយរយៈចុងក្រោយនេះគេមិនសូវបានឃើញតារាប្រុសស្រី ២ រូបនេះ ជួបស្និទ្ធស្នាលគ្នាញឹកញាប់ដូចកាលពីមុនទៀតឡើយ ទោះបីជាកន្លងមកសាមីខ្លួនក៏បានបកស្រាយហើយថាពួកគេគ្រាន់តែរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ។
ដោយឡែក ស្រាប់តែ ថ្មីៗនេះ អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ចំពោះ អាយដលរូបសង្ហា ភិទិ និង ពេជ្រ សូលីកា ខ្លាំងទៀត ខណៈបានឃើញអ្នកទាំងពីរប៉ះគ្នាច្រៀងលើឆាកប្រគុំតន្រ្តីម្ដង ដែលបានច្រៀងរួមគ្នាបទ «ហេតុអ្វីយើងបែកគ្នា?» ស្រែកច្រៀងផ្លាស់ប្ដូរគ្នាបានយ៉ាងពីរោះ និងសម្ដែងបញ្ចូលមនោសញ្ចេតនាយ៉ាងផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោ បង្ហាញអារម្មណ៍រំភើបចំពោះអ្នកទាំងពីរគ្រប់គ្នា។
វីដេអូនេះដែរ ត្រូវបានមហាជនអ្នកគាំទ្ររបស់ អ្នកទាំងពីរ បានធ្វើការចែករំលែកពេញបណ្ដាញសង្គមដោយភ្ជាប់ជាមួយអារម្មណ៍រំភើបចំពោះវត្តមានរួមគ្នារបស់អ្នកទាំងពីរផងដែរ៕