កក្រើកហើយ! កំពូលតារា K-Pop ទាំង ២ ដួងនេះ នឹងមកកាន់ប្រទេសកម្ពុជាឆាប់ៗនេះ
ដូចដែលប្រិយមិត្តអ្នកគាំទ្រវិស័យកម្សាន្ត K-Pop នៅក្នុងប្រទេសកម្ពុជា បានដឹងមកហើយ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ មានការប្រកាសជាដំណឹងថា CL ដែលជាអតីតមេក្រុម 2NE1 នឹងមកកាន់ប្រទេសកម្ពុជាជាថ្មីម្ដងទៀត ដើម្បីធ្វើការប្រគំតន្រ្តីរបស់កម្មវិធី «Vattanac វ All In Festival» នៅប្រទេសកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២ខាងមុខនេះ។
យ៉ាងណាមិញ នៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមបានមានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដោយបានដឹងថា Jessi ដែលជាតារាចម្រៀងស្រីទោលរបស់ K-Pop នឹងមានវត្តមានមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមការប្រគំតន្រ្តីមួយ នៅខែធ្នូ ឆ្នាំ ២០២២។
នេះបើតាមការប្រកាសចេញពីផេកផ្លូវការរបស់ LIVE. by Wonderpass បានបង្ហោះ Poster ដោយមានដាក់រូបស្រមោលមួយ ដែលអ្នកគាំទ្រច្បាស់ថាជា Jessi។ មិនតែប៉ុណ្ណោះ ខាង Wonderpass បានបញ្ជាក់ថា តារាស្រីនោះ មានឈ្មោះ 5 អក្សរ និង ថែមទាំងឆ្លៀតប្រាប់ថា (+-) ដែលជាតំណាងឱ្យបទចម្រៀងដ៏ល្បីបំផុតរបស់តារាស្រីជួរមុខរូបនេះ គឺបទចម្រៀង «Zoom» នោះឯង៕