រួមរស់ជាមួយគ្នា ២១ ឆ្នាំ ទីបំផុត Julian Cheung និង Anita Yuen សម្រេចចិត្តរៀបការហើយ
កាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ គូស្នេហ៍តារាហុងកុង Julian Cheung និង Anita Yuen បានរៀបចំពិធីមង្គលការយ៉ាងពិសេស ខណៈចូលរួមបង្ហាញវត្តមានក្នុងកម្មវិធី «Brother Overcoming Toughness» ក្នុងរដូវកាលទី ២។
ក្នុងនោះ តារាសម្ដែងប្រុស Julian Cheung បានចែករំលែកអំពីអារម្មណ៍សោកស្តាយដែលមិនបានធ្វើឱ្យភរិយារបស់លោកបានរៀបការឱ្យបានត្រឹមត្រូវ ក្រោយពីរួមរស់ជាមួយនឹងគ្នាជាប្តី-ប្រពន្ធអស់ ២១ឆ្នាំ។
ជាមួយគ្នានោះ តារាប្រុសរូបនេះក៏បានបង្ហោះសារទៅកាន់ភរិយាថា៖ «ពួកយើងគ្រាន់តែនៅជាមួយគ្នាដោយមិនបានថតរូបអាពាហ៍ពិពាហ៍ និង រៀបចំពិធីមង្គលការនោះទេ។ ខ្ញុំមានអារម្មណ៍ថាជំពាក់នាងច្រើនណាស់ ខ្ញុំបានសន្យានឹងថា ពេលនាងអាយុ ៦០ ឆ្នាំ ទើបយើងថតរូបអាពាហ៍ពិពាហ៍។ ប្រហែលជា Anita Yuen មានការសោកស្តាយខ្លាំង ទោះបីជានាងមិនដែលបន្ទោស ឬ ត្អូញត្អែរក៏ដោយ»។
បើតាមការចុះផ្សាយរបស់ On បានឱ្យដឹងថា តារាសម្ដែង Julian Cheung បានអរគុណចំពោះភរិយារបស់លោកយ៉ាងខ្លាំង។ ដោយលោកមានអារម្មណ៍ថានេះជាការផ្លាស់ប្តូរដ៏ធំមួយ។ ដូច្នេះហើយ ទើបតារារូបនេះតែងតែចង់ផ្តល់របស់ល្អៗ និង សុភមង្គលបំផុតដល់ភរិយា។ សូម្បីតែនៅក្នុងពិធីមង្គលការ អ្នកទាំងពីរបានស្រក់ទឹកភ្នែកទាំងក្តីរំភើប និង មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ៕