Beam ប្រើពាក្យជូនពរភរិយាយ៉ាងផ្អែម បង្កប់ន័យកំប្លែង ធ្វើឱ្យមហាជនទ្រាំមិនសើចមិនបាន
ពិតជាគ្រួសារមួយដែលមានសុភមង្គលមិនតិចឡើយ ព្រោះក្រោយពីមានកូនភ្លោះប្រុសមួយគូហើយ ថ្មីៗនេះ Beam Kawee និង ភរិយា Oil ក៏កំពុងតែរង់ចាំវត្តមានរបស់កូនស្រីភ្លោះមួយគូទៀតហើយ ដែលធ្វើឱ្យមហាជនអត់ច្រណែនមិនបានតែម្តង។
យ៉ាងណាមិញ មកទល់ពេលនេះ អស់រយៈពេលជាច្រើនខែ Oil ដែលជាអ្នកម្តាយ ក៏ហាក់កាន់តែជិតដល់ថ្ងៃសម្រាលទៅហើយ មើលទៅនាងក៏បានត្រៀមខ្លួនរួចរាល់ដូចគ្នា ហើយចំណែកបងប្រុសភ្លោះទាំងគូ គឺអូន Tee និង Pee ក៏ជិតបានឃើញមុខប្អូនស្រីរបស់ខ្លួននាពេលឆាប់ៗខាងមុននេះដូចគ្នាដែរ។
ដោយឡែក នៅក្នុងឆ្នាំនេះ ខណៈពពោះកូនសំណព្វជាលើកទីពីរ Oil ក៏បានឈានចូលដល់វ័យ ៤៣ ឆ្នាំល្មម ពិតជាគួរឱ្យសរសើរមែនទែន ដែលនាងអាចថែរក្សារាងកាយយកកូនភ្លោះម្តងទៀតបានដូចនេះ។ ក្នុងនោះ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ គឺជាថ្ងៃកំណើតរបស់ Oil នេះឯង ហើយខាង Beam ជាស្វាមីក៏បានបង្ហោះរូបភរិយាជាច្រើនសន្លឹក បង្អួតពោះធំសខ្ចី ជិតដល់វេលាដែលនឹងត្រូវសម្រាល។
មិនភ្លេចនោះដែរ Beam ក៏បានឆ្លៀតជូនពរភរិយាជាពាក្យជួនឃ្លីងឃ្លោងក្នុងភាសារបស់ខ្លួនយ៉ាងគួរឱ្យអស់សំណើចនៅតាមបណ្តាញសង្គមរបស់ខ្លួនទៀតថា៖ «សុំជូនពរថ្ងៃកំណើតរបស់ប្រពន្ធជាទីស្រឡាញ់ សូមឱ្យមានបានកុំឱ្យសម្រាក ឱ្យមានបារមី កូនក្រែង ប្តីខ្លាច អង្គុយនៅផ្ទះលុយហូរចូល។ ស្រឡាញ់ប្រពន្ធខ្លាំងណាស់ រីករាយថ្ងៃកំណើតណា»។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏បានចូលទៅជូនពរ Oil ក្នុងថ្ងៃកំណើតនេះ ព្រមទាំងជូនពរឱ្យនាងសម្រាលកូនបានដោយសុខភាពល្អ និងសុវត្ថិភាពផងដែរ៕