ជួបរឿងផ្ទួនៗពេក ខ្ញុង សឹងបាក់ស្បាត ពេលនេះសុំសងម្ចាស់កម្មពៀរជាតិនេះឱ្យអស់
រឿងឆាកជីវិតក្រៅឆាករបស់តារាកំប្លែង ខ្ញុង កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ជាថ្មីទៅលើរឿងរ៉ាវគ្រួសារកំពុងជួបភាពរកាំរកូសជាមួយ នាយ កៃដ ជាស្វាមី រហូតអ្នកទាំងពីរបង្ហោះសារ និង វីដេអូចង់បញ្ចប់ចំណងអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផងកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។
ខណៈរឿងរ៉ាវមួយនេះនៅតែជាទម្ងន់ដ៏ធ្ងន់ក្នុងចិត្ត ខ្ញុង នៅឡើយ គេឃើញតារាកំប្លែងរូបនេះបានបង្ហោះសារត្អូញត្អែរនៅលើគណនីហ្វេសប៊ុករៀបរាប់ពីឆាកជីវិតជួបតែរឿងអកុសលមិនថាអាពាហ៍ពិពាហ៍ ឬ ការងារនោះទេ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រមួយចំនួនអាណិតអាសូរដល់នាងខ្លោចចិត្ត។
ដោយសារតែជួបរឿងបរាជ័យត្រូវគេមើលងាយច្រើនដង ខ្ញុង ស្រាប់តែបង្ហោះសារសុំសងនូវរាល់កម្មពៀរត្រឹមជាតិនេះឱ្យអស់ ហើយជាតិក្រោយនាងសុំកុំឱ្យរងទុក្ខដូចជាតិនេះទៀត។
ខ្ញុង បានបង្ហោះសាររៀបរាប់លើហ្វេសប៊ុកថា ៖ «បរាជ័យ បាត់បង់ បែកបាក់ ប្រាត់ប្រាស់ វាមិនមែនទើបតែកើតឡើងលើកទីមួយឡើយសម្រាប់ខ្ញុំ ឈឺចាប់ក៏ច្រើនដង ការប្រមាថមើលងាយក៏ស្គាល់អស់ហើយដែរ ចាត់ទុក្ខថាយើងជំពាក់កម្មគេពីជាតិមុន រស់ជាតិនេះសម្រាប់តែសងកម្ម ម្ចាស់កម្មពៀរអើយនៅមានទៀតទេខ្ញុំសុំសងពួកអ្នកឱ្យអស់នៅជាតិនេះ សូមជាតិក្រោយកុំឱ្យខ្ញុំរងទុក្ខចឹងទៀត»៕