នី រតនា រំភើបចិត្ត ពេលបានសម្រេចបំណងធំមួយ គឺជួយអ្នកភូមិនៅស្រុកកំណើត ឯខេត្តកំពង់ធំ
មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀង នី រតនា ច្បាស់ជាបានដឹងហើយថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក និង ភរិយា ព្រមទាំងកូនស្រីបណ្តូលចិត្តគឺនាងតូច នីវណ្ណ មែលឡានី ទៅធ្វើបុណ្យ និង ជូនទាននៅទីវត្តអារាមជួបជុំក្រុមគ្រួសារដោយចិត្តជ្រះថ្លា។
ក្នុងនោះ លោក នី រតនា និង ក្រុមគ្រួសារ មិនត្រឹមតែទៅវត្តកាន់បិណ្ឌឧទ្ទិសកុសលដល់ញាតិសន្តានដែលចែកឋាននោះទេ តែលោកក៏បានធ្វើការចែកជូនអំណោយមួយចំនួនដល់លោកតា លោកយាយចាស់ៗនៅវត្តស្ថិតនៅក្នុងស្រុកកំណើតរបស់លោក នាខេត្តកំពង់ធំផងដែរ។
អ្វីដែលកាន់តែធ្វើឱ្យលោក នី រតនា ហាក់រំភើបចិត្តក្នុងការធ្វើបុណ្យ និង ចែកអំណោយដល់ចាស់ៗក្នុងវត្ត គឺលោកធ្លាប់មានក្តីស្រមៃថាខ្លួនធូរធារកាលណានឹងជួយដល់អ្នកស្រុកភូមិ។ លោក នី រតនា បានរៀបរាប់ថា ៖ «បំណងប្រាថ្នា ថាបើបានធូរធារពេលណា ជួយដល់អ្នកស្រុករបស់ខ្ញុំ។ ឆ្នាំនេះធ្វើបានសម្រេចហើយ! ថ្ងៃ ២០-០៩-២០២២ បានទាំងកាន់វេនបិណ្ឌនៅវត្តបន្ទាយស្ទោង បានទាំងចែកទានដល់ទុរគតជន ៥០ គ្រួសារ។ ទឹកចិត្តបន្តិចបន្តួចនេះ សង្ឃឹមថាអាចសម្រាលបន្ទុករបស់ពួកគាត់បានខ្លះ។ សូមជូនបុណ្យកុសលដល់បងប្អូនទាំងអស់គ្នាស្មើៗគ្នាផង»។
ក្រោយពីឃើញទង្វើដ៏ប្រពៃរបស់លោក នី រតនា ហើយនោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិស្ញើចសរសើរ និង រំភើបចិត្ត ដែលលោកមានទឹកចិត្តប្រពៃគិតគូរដល់អ្នកស្រុកភូមិ លើទឹកដីស្រុកកំណើតរបស់ខ្លួន៕