ដើរចេញពីសិល្បៈបាន ៣ ឆ្នាំ ស្រាប់តែ Ma Oranapa ទម្លាយសម្តីកប់ទុកក្នុងចិត្តបែបនេះឡើង
គិតមកទល់ពេលនេះគឺអស់រយៈពេល ៣ ឆ្នាំហើយ ដែលតារាសម្ដែង និង ពិធីករភេទទី ៣ ល្បីឈ្មោះក្នុងកម្មវិធី 3 Zaap គឺ Ma Ornapa បានចាកចេញពីវិស័យសិល្បៈនោះ។ ក្រោយពីដើរចេញពីវិស័យសិល្បៈ តារាភេទទី ៣ Ma Ornapa បានវិលទៅរកស៊ីលក់ហហ្មុកជាមួយនឹងម្ដាយ ព្រមទាំងបើកជំនួញផ្ទាល់ខ្លួនបន្ថែម។
កាលទើបតែចេញពីសិល្បៈដំបូងជីវិតតារាភេទទី ៣ រូបនេះហាក់លំបាកបន្តិច តែក្រោយមកក៏បានប្រសើរឡើងវិញ។ ថ្មីៗនេះ តារាភេទទី ៣ រូបនេះបានផ្តល់បទសម្ភាសទម្លាយពីជីវិតរបស់ខ្លួនថា លោកស្រីពិតជាពេញចិត្តនូវស្ថានភាពជីវិតបច្ចុប្បន្នជាខ្លាំង ព្រោះពេលនេះជំនួញ និង មុខរបរកំពុងតែដំណើរការយ៉ាងរលូន។ ម៉្យាងវិញទៀត បើលោកស្រីត្រឡប់ទៅវិញ ក៏គ្មានស្ថានីយទូរទស្សន៍ណាហ៊ានហៅលោកស្រីឡើងប៉ុស្តិ៍ដែរ។
លើសពីនោះ តារាភេទទី ៣ រូបនេះក៏បានបន្តថា សម្រាប់ការវិលចូលវិស័យសិល្បៈ លោកស្រីមិនប្រាកដនោះទេ ព្រោះថាពេលនេះកំពុងតែជាប់រវល់នឹងការងាររកស៊ីខ្លាំង។ ក្នុងនោះ លោកស្រី Ma Ornapa ក៏បានអរគុណដល់អ្នកគាំទ្រដូចគ្នាដែលតែងចង់ឱ្យលោកស្រីវិលត្រឡប់ចូលសិល្បៈវិញ តែយ៉ាងណាខណៈនេះលោកស្រីនៅពុំទាន់អាចត្រឡប់ទៅវិញបានឡើយ៕