រឿងបញ្ចាំងចប់ជិត ២០ ឆ្នាំ តួនាង សយ នៅតែស្អាតខ្ញង់ ទោះពេលនេះមានកូនស្រីធំទន្ទឹមខ្លួន
ជឿជាក់ថាប្រិយមិត្តភាគច្រើនដែលនិយមតាមដានទស្សនាខ្សែភាពយន្តខ្មែរ ប្រាកដជាធ្លាប់បានឮរឿង «នេសាទក្រពើ» មិនខាន ហើយសម្រាប់ប្រិយមិត្តមួយចំនួនថែមទាំងធ្លាប់ទស្សនាទៀតផង។
ខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញមួយនេះ បានចូលរួមសម្ដែងដោយកំពូលតារាល្បីៗជាច្រើនរូប ដែលរឿងនេះបានផលិតឡើង និង ធ្វើការចាក់បញ្ចាំងតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ប៉ុន្ដែរាល់ពេលរឿងនេះត្រូវបានយកមកចាក់បញ្ចាំងនៅរោងភាពយន្តឡើងវិញម្ដងៗ ឃើញថាមានការគាំទ្រពីសំណាក់ទស្សនិកជនយ៉ាងច្រើនភ្លូកទឹកភ្លូកដី។
យ៉ាងណាមិញរហូតមកដល់ឆ្នាំ ២០២២ នេះ ខ្សែភាពយន្ត «នេសាទក្រពើ» បានផលិតឡើងរយៈពេល ១៧ ឆ្នាំហើយ ប៉ុន្ដែបើក្រឡេកទៅមើល នាងសយ តួឯកស្រីក្នុងរឿងមួយនេះមកដល់បច្ចុប្បន្ននៅតែស្រស់ស្អាត ថែមទាំងមានជីវិតឯកជនយ៉ាងអភិជនរស់នៅពោរពេញដោយសុភមង្គលជាមួយស្វាមី និង កូនស្រី។
នាងសយ មានឈ្មោះពិតថា ស៊ឹម សូលិកា បច្ចុប្បន្នមានវ័យ ៤១ ឆ្នាំហើយ គឺជាពិធីការិនីដ៏មានប្រជាប្រិយភាពមួយរូប។ ស៊ឹម សូលិកា បានប្រទះអាពាហ៍ពិពាហ៍បែកបាក់ម្ដងរួចមកហើយដោយបន្សល់នូវចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយក្រោយស្ពាយឈ្មោះជាមេម៉ាយជាង ១០ ឆ្នាំ ស៊ឹម សូលិកា ក៏បានផ្ដើមស្នេហ៍ជាមួយដៃគូសិល្បៈចាស់គឺលោក អេង រិទ្ធី ហើយពួកគេទាំងពីរក៏បានចូលរោងការតាមប្រពៃណីនៅឆ្នាំ ២០១៩។
ដ្បិតថាពេលនេះ ស៊ឹម សូលិកា មានអាយុ ៤១ ឆ្នាំថែមទាំងមានកូនស្រីធំទន្ទឹមខ្លួនមានអាយុជាង ២០ ឆ្នាំក៏ដោយ ប៉ុន្ដែតារាស្រីរូបនេះនៅតែស្រស់ស្អាត សាច់ឈាមទ្រលុកទ្រលន់មិនខុសគ្នាប៉ុន្មានកាលពីនាងសម្ដែងរឿង «នេសាទក្រពើ» ប៉ុន្មានទេ៕