Bella ចេញមុខឆ្លើយតបទៅ ម៉ែលីណា វិញយ៉ាងត្រជាក់ចិត្ត ក្រោយចោទនាងជាមនុស្សមិនដឹងគុណ
កាលពីថ្មីៗនេះ តារាស្រី Bella ហាក់ជួបរឿងជាច្រើន ក្រោយបែកបាក់ចំណងស្នេហាជាមួយតារាប្រុស Weir បើទោះបីជាកំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈរឿងថ្មី «បុព្វេសន្និវាស ២» តែរឿងអាស្រូវស្នេហារបស់នាងក៏ហាក់មិនទាន់ស្ងប់ស្ងាត់នៅឡើយ។
បន្ថែមពីនេះ ទន្ទឹមនឹងការកើនឡើងប្រជាប្រិយភាព ស្រាប់តែតារាស្រី Bella បែរជាត្រូវលោកស្រី លីណា ដែលជា Net Idol ល្បីម្នាក់ក្នុងប្រទេសថៃ ចេញមុខរិះគន់ផាំងៗថា ៖ «នាងជាមនុស្សមិនដឹងគុណ ទាំងដែលគាត់ខំជួយចេញមុខនិយាយកាន់ជើងនាង ពេលមានទំនាស់ជាមួយ Weir ហើយថែមទាំងធ្វើឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បី អាចឱ្យរឿងថ្មីរបស់នាងរកចំណូលបានច្រើនថែមទៀត តែនាងបែរជាមិននឹកដល់គាត់សូម្បីបន្តិច សូម្បីតែការអញ្ជើញសំបុត្រកុនមួយក៏គ្មាន»។
ក្រោយផ្ទុះការរិះគន់បែបនេះ Bella ក៏បានចេញមុខតបវិញថា ៖ «ចំពោះរឿងអ្នកម៉ែ លីណា គឺខ្ញុំមិនដែលភ្លេចគុណបុណ្យនោះឡើយ មនុស្សណាមានគុណចំពោះខ្ញុំ ខ្ញុំមិនភ្លេចទេ ហើយក៏សុំអរគុណដល់អ្នកម៉ែ លីណា ដែលបានផ្តល់កម្លាំងចិត្តដល់ខ្ញុំចាស៎! ខ្ញុំនឹងផ្ញើសំបុត្រកុនឱ្យម៉ែឆាប់ៗនេះ ព្រមជាមួយនឹងពាក្យអរគុណ ហើយក៏អរគុណម៉ែចំពោះពាក្យជូនពរឱ្យកូនក្លាយជាតារាស្រីពាន់លាន ស្រឡាញ់ម៉ែខ្លាំងណាស់ បើទោះមិនទាន់បានពាន់លាន កូនសុំត្រឹមឱ្យរឿងនេះរកបាន ៥០០ លានសិនក៏បានដែរម៉ែ»៕