God តបទៅវិញភ្លែត ពេលឮ Richy និយាយថា លោកជាប្រុសព្រាន
ផ្ដើមចេញពីដៃគូសម្ដែងក្នុងរឿង សម្រាប់តារាសម្ដែងប្រុសពន្លកថ្មី God Itthipat Thanit និង តារាសម្ដែងស្រី Richy Oranate បច្ចុប្បន្នកំពុងក្លាយជាគូស្នេហ៍យ៉ាងផ្អែមល្ហែម និង ធ្វើឱ្យមហាជនអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។
ជារឿយៗ គូស្នេហ៍មួយគ្នានេះ តែងបង្ហាញសកម្មភាពស្និទ្ធស្នាលជាមួយគ្នា និង យកមកបង្ហោះលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមថែមទៀតផង។ មិនត្រឹមប៉ុណ្ណោះ មហាជនតែងឃើញគូស្នេហ៍មួយគូនេះ ចេញមកបង្ហោះវីដេអូលេង Tik Tok ជាមួយគ្នា យ៉ាងស្និទ្ធស្នាល រហូតនាំឱ្យអ្នកគាំទ្រមួយចំនួន រំអុកចង់ឱ្យអ្នកទាំងពីរកាន់ដៃគ្នាចូលរោងការឆាប់ៗផងដែរ កុំនៅផ្អែមល្ហែមយូរពេក។
ដោយឡែក ថ្មីៗនេះស្រាប់តែ តារាប្រុស God ត្រូវបានមិត្តស្រីនាង Richy ចំអែចំអន់ទៅកាន់លោកថា គឺជាប្រុសព្រាន ព្រោះឱ្យតែឃើញស្រីស្អាតពេលណា ដឹងតែ God ចូលទៅចុច Like លើរូប ឱ្យបេះដូងទាំងអស់។ យ៉ាងណាមិញ ងាកមកមើលតារាប្រុស God វិញ ខណៈដែលមិត្តស្រីបង្អាប់បែបនោះ លោកក៏បានចេញមកបកស្រាយផងដែរ។
តារាប្រុស God បានសារភាពត្រង់ៗថា ៖ «រឿងនោះ គ្រាន់តែជាការបង្អាប់លេងសើចពីសង្សារលោកប៉ុណ្ណោះ លោកពុំមានជាព្រាននារីអ្វីឡើយ។ តាមពិត លោកជាមនុស្សចូលចិត្តចុច Like ធម្មតាទេ ព្រោះឱ្យតែឃើញ គឺលោកចុច like ហើយ ។ រីឯ ទំនាក់ទំនងលោកជាមួយសង្សារនៅផ្អែមល្ហែមដូចដើមទេ មិនមានអ្វីក្នក់ចិត្តគ្នាឡើយ»៕