ម្តាយ Weir ផ្តាំកូនប្រុស និង កូនប្រសារស្រី យ៉ាងរំជួលចិត្ត ក្រោយកម្មវិធីមង្គលការបញ្ចប់
ពិធីមង្គលការដ៏គគ្រឹកគគ្រេងរបស់តារាប្រុស Weir និងភរិយា Vikki បានប្រព្រឹត្តបញ្ចប់ទៅយ៉ាងរលូនទៅហើយ កាលពីថ្ងៃទី ១៧ ខែកក្កដា កន្លងទៅនេះ ប៉ុន្តែមហាជនអ្នកគាំទ្រនៅមិនទាន់បាត់រំភើបជាប់ញ័រនៅឡើយទេ នូវការរកកោះរកត្រើយជីវិតឃើញរបស់តារាសំណព្វចិត្ត ជាមួយនឹងនារីដែលខ្លួនស្រឡាញ់នោះ។
យ៉ាងណាមិញ ក្នុងនោះ ក្រោយពីបានចូលរួមពីធីមង្គលមួយនេះហើយ បណ្តាមហាជនអ្នកគាំទ្រញាតិមិត្តទាំងឡាយ របស់កូនកំលោះកូនក្រមុំទាំងសងខាង ក៏បានជូនពរគូស្វាមីភរិយាទាំងគូនេះ ជាពាក្យពេជន៍យ៉ាងមានន័យផ្សេងៗ ក្នុងការប្រើប្រាស់ជីវិតគូទៅថ្ងៃអនាគតផងដែរ។
ដោយឡែក បើក្រឡេកមកមើលអ្នកម្តាយរបស់ Weir វិញ ខណៈក្នុងពិធីរបស់កូនប្រុស លោកស្រីមើលទៅសប្បាយចិត្តញញឹមញញែមបិទមាត់មិនជិតនោះទេ ថែមទាំងតែងខ្លួនស្អាតខ្ញង់ ទាក់អស់ក្រសែភ្នែកមហាជន នៅក្នុងរោងជ័យរបស់កូនប្រុស។
លើសពីនេះទៅទៀត ក្រោយពិធីមង្គលមួយនេះ បានបញ្ចប់ទៅ លោកស្រីក៏បានបង្ហោះជាសារពាក្យពេជន៍យ៉ាងរំជួលចិត្ត ផ្ញើជូនទៅឱ្យកូនប្រុស និង កូនប្រសារស្រីរបស់ខ្លួនថែមទៀតផង។
ក្នុងនោះ លោកស្រីបានបង្ហោះតាមបណ្តាញសង្គម IG របស់ខ្លួន នូវរូបភាពទិដ្ឋភាពក្នុងពិធីមង្គលរបស់ Weir ព្រមជាមួយនឹង Caption ថា៖ «អរគុណអស់លោក លោកស្រីទាំងអស់ ដែលបានមកចូលរួមជាសាក្សី និង អបរអរពិធីមង្គលការបស់ Weir និង Vikki ព្រមទាំងពាក្យពេជន៍ជូនពរជាច្រើន។ ម្តាយសង្ឃឹមថា កូននឹងចេះប្រើគំនិត ក្នុងការប្រើប្រាស់ជីវិតគូ ក៏ដូចជាធ្វើឱ្យវា ក្លាយជាកម្លាំងចិត្តក្នុងការកសាងគ្រួសារឱ្យមានសេចក្តីសុខ និងសេចក្តីចម្រើនរុងរឿង។ ក្នុងនាមជាម្ចាស់ពិធី ក៏សូមអភ័យទោសផងដែរ បើសិនជាមានអ្វីដែលយើងបម្រើមិនបានដឹតដល់នោះ»។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ពិតជារំជួលចិត្តមិនតិចនោះទេ ពេលបានអានពាក្យក្នុងចិត្តរបស់អ្នកម្តាយរូបនេះ ផ្ញើជូនទៅឱ្យកូនៗ ហើយគេក៏សង្ឃឹមថា លោកស្រីក៏នឹងបានចៅប្រឡែងលេង ឆាប់ៗនេះផងដែរ៕